ក្រុម Real Madrid ត្រូវបានគេដឹងថាអាចនឹងនាំយកលោក Jose Mourinho ទៅដឹកនាំក្រុមវិញ ដើម្បីស្ដារប្រជាប្រិយភាព និងក្រុម ដែលកំពុងដុនដាបខ្លាំង។
ទន្ទឹមគ្នានឹងការលេចឮដូច្នេះដែរ ស្រាប់តែប្រធានក្រុម Sergio Ramos ចេញមុខមកបញ្ជាក់ថាលោកនឹងចាកចេញពីក្រុមតែម្ដង ប្រសិនណាបើ Real Madrid នាំយកអ្នកចាត់ការ Jose Mourinho មកវិញ។ បុគ្គល២នាក់នេះ តែងតែមានរឿងរកាំរកូសជាមួយគ្នា អំឡុងពេលធ្វើការពីឆ្នាំ២០១០ ដល់២០១៣។ មិនត្រឹមតែខ្សែការពារម្នាក់នេះទេ គេអាចដឹងបានទៀតថា Benzema Bale និង Marcelo ក៏អាចនឹងចាកចេញដែរ បើមានវត្តមានលោក Jose នៅ Bernabeu មែនទែន។
ត្បិតតែយ៉ាងនេះក្ដី លោក Perez ប្រធានក្លឹប Real Madrid បានបញ្ជាក់ហើយថា មតិយោបល់របស់កីឡាករទាំងអស់ មិនមានឥទ្ធិពលក្នុងក្រុម Real Madrid ឬការសម្រេចចិត្តណាមួយរបស់ថ្នាក់ដឹកនាំក្លឹបឡើយ។ នេះមានន័យថា ប្រសិនបើការប្រជុំនៅថ្ងៃចន្ទនេះ សម្រេចជ្រើសលោក Jose Mourinho មកដឹកនាំក្រុមវិញមែន នោះកីឡាករត្រូវតែធ្វើតាមទាំងអស់។
Jose ត្រូវបានក្រុមបិសាចក្រហម Manchester United បណ្ដេញចេញពីតំណែងកាលពីខែធ្នូឆ្នាំ២០១៨កន្លងទៅ ក្រោយដឹកនាំក្រុមមិនល្អ។ ប្រភពនៅអេស្ប៉ាញបញ្ជាក់ថាបុរសសញ្ជាតិព័រទុយហ្គាល់នេះ ទាមទារ Real Madrid កុងត្រា៣ឆ្នាំ និងទទួលបាន១៧លានផោនក្នុង១ឆ្នាំ ក្នុងការត្រលប់ទៅដឹកនាំវិញនេះ៕ប្រភព៖ Dailymail