Ranieri ​ចូល​ដឹក​នាំ​ក្រុម Roma ​រហូត​ចប់​រដូវ​កាល​នេះ​

លោក Claudio Ranieri ​ត្រូវ​បាន​ក្លឹប Roma ​តែងតាំង​ជា​អ្នក​ចាត់ការ​ក្រុម​របស់​ខ្លួន​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ក្រោយ​ពី​បណ្ដេញ​លោក Di Francesco ​ចេញ​ពី​តំណែង​។លោក​ Di Francesco ​ក្រោយ​ពី​ដឹក​នាំ​ក្រុម Roma  ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ក្រោម​ថ្វី​ជើង Porto ​មក ​ក៏​ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង​ភ្លាម​តែ​ម្ដង។ ​ហើយ​ក្លឹប Roma ​បាន​ប្រកាស​តែងតាំង​លោក Ranieri ​ដែល​ក្លឹប Fulham ​ទើប​បណ្ដេញ​ចេញ​នោះ ​ចូល​មក​ដឹក​នាំ​ក្រុម​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។បុរស​វ័យ​៦៧​ឆ្នាំ​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ដឹក​នាំ Leicester City ​លើក​ពាន​លីគ​កំពូល​អង់គ្លេស​នោះ ​បាន​និយាយ​ក្រោយ​តែងតាំង​ជា​អ្នក​ចាត់ការ​ក្រុម Roma ​ថា​៖ “​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ត្រលប់​មក​ផ្ទះ​វិញ។ ពេល Roma ​ហៅ​ខ្ញុំ ​វា​ពិត​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ ដែល​និយាយ​ពាក្យ​ថា​ទេ”។

លោក​ Ranieri ​ជា​អ្នក​ចាត់ការ​មាន​បទ​ពិសោធ​ច្រើន​មែនទែន​នៅ​អ៊ីតាលី ​ដោយ​ធ្លាប់​ដឹក​នាំ​ក្រុម​ជា​ច្រើន​នៅ​ទី​នេះ ​ហើយ​នៅ​អេស្ប៉ាញ​ក៏​លោក​ធ្លាប់​ទៅ​ដឹក​នាំ​ក្រុម​ផង​ដែរ​ដូចជា Valencia , AT Madrid ​ជា​ដើម។ ឱ្យ​ខ្លី​ទៅ ​ក្លឹប​នៅ​អ៊ីតាលី អេស្ប៉ាញ ​អង់គ្លេស ​បារាំង ​ក្រិក ​អី​នោះ​សុទ្ធ​តែ​លោក​ធ្លាប់​ដឹក​នាំ​អស់​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT