ភាពរកាំរកូសរវាងប្រធានក្រុម Sergio Ramos និងប្រធានក្លឹបលោក Florentino Perez បានផ្ទុះឡើងក្រោយបរាជ័យក្រោមថ្វីជើង Ajax កាលពីប៉ុន្មានថ្ងៃមុន។ ទំនាស់ពាក្យសម្តីបានផ្ទុះរហូតមានពាក្យចេញពីមាត់ Ramos ថា៖ “ទូទាត់ឲ្យខ្ញុំឲ្យអស់សិនមក សឹមខ្ញុំចាកចេញទៅ”។
ចំណុចនេះហើយតាមសារព័ត៌មាន AS ក៏បានបើកការស្រាវជ្រាវភ្លាមៗ ដោយប្រភពពីអេស្ប៉ាញមួយនេះបញ្ជាក់ឲ្យដឹងថាប្រសិនណា Real Madrid ចង់បណ្ដេញ Sergio Ramos ចេញមុនកុងត្រាដែលត្រូវបញ្ចប់នៅឆ្នាំ ២០២១ នោះស្តេចសត្រូវចំណាយដល់ទៅ ២៥ លានអឺរ៉ូសម្រាប់កីឡាករ។
រំឭកថាខ្សែការពារកណ្តាលរូបនេះបានបន្តកុងត្រាថ្មីដល់រដូវក្តៅឆ្នាំ ២០២០ កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែតាមដំណឹងលេចលឺប៉ុន្មានខែទៅនេះក្លឹបក៏ប្រញាប់ចាត់ចែងចងជើងរូបគេឡើងដល់ឆ្នាំ ២០២១ ដោយផ្អែកតាមទម្រង់លេងល្អដែលអាចធ្វើជាជញ្ជាំងដ៏រឹងមាំសម្រាប់ Madrid បាន ប៉ុន្តែនរណាទៅដឹងក្រោយចាញ់ផ្ទួនៗពេក រឿងរ៉ាវរកាំរកូសក៏ស្រាប់តែកើតមានឡើងដោយមិនបានគិតទុក។ ប្រភព: 9SportPro