នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះសិស្សគុនក្លិប Cambodian Top Team រិន សារ័ត្ន នឹងតំណាងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃសុក្រទី៨ខែមីនា។អតីតបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ KWC 3 របស់កម្ពុជារូបនេះនឹងតតាំងជាមួយ Tial Thang ដែលជាសិស្សប្អូនម្ចាស់ខ្សែក្រវាត់ពិភពលោក២ប្រភេទទម្ងន់របស់ ONE Championship ដ៏ល្បីល្បាញ Aung La N Sang។ទោះបីរូបគេជិតឈានចូលភាពកាន់តែល្បីល្បាញជាងមុនមួយកម្រិតទៀតក្ដី ប៉ុន្តែសារ័ត្នមិនដែលភ្លេចការលំបាកដែលគេបានឆ្លងកាត់ក្នុងជីវិតឡើយ ជាពិសេសការជំរុញទឹកចិត្តដ៏សំខាន់ពីភរិយានិងគ្រួសារដែលបាននាំឱ្យគេមកដល់ចំណុចនេះក្នុងអាជីពរបស់គេ។សារ័ត្ន ពន្យល់ថា៖ «ឆ្នាំមុន ម្ដាយខ្ញុំបានប្រាប់ខ្ញុំឱ្យឈប់វ៉ៃហើយទៅធ្វើការអ្វីផ្សេង។ តែបន្ទាប់ពីគាត់បានឃើញខ្ញុំទទួលបានឱកាសប្រកួតនៅក្រៅប្រទេស គាត់បានផ្លាស់ប្ដូរចិត្តហើយប្រែមកគាំទ្រខ្ញុំក្នុងអាជីពនេះវិញ។ គាត់ថាបើខ្ញុំស្រលាញ់អាជីពនេះខ្លាំងម្ល៉ឹង ខ្ញុំគួរតែខំប្រឹងហ្វឹកហាត់ឱ្យដល់ចំណុចកំពូល»។
មុនការប្រកួតនៅមីយ៉ាន់ម៉ាថ្ងៃសុក្រនេះ សារ័ត្ន បានចាកចេញពីក្លិប Cambodian Top Team ទៅហាត់នៅក្លិប Yorky Mixed Martial Arts ក្នុងទីក្រុងបាងកកមួយខែ។ សារ័ត្ន មានទំនុកចិត្តថាដៃគូហ្វឹកហាត់ថ្មីៗនិងភាពខុសគ្នារវាងក្លិប២នេះនឹងផ្ដល់ឱ្យរូបគេមានការត្រៀមលក្ខណៈបានល្អសម្រាប់ការប្រកួតដ៏សំខាន់បំផុតមួយក្នុងអាជីពរបស់គេ។
សារ័ត្ន មានអារម្មណ៍ថាការប្ដូរទៅហាត់នៅបាងកកគឺជារឿងចាំបាច់ដើម្បីបន្តអភិវឌ្ឍខ្លួនក្នុងនាមជាអ្នកលេងក្បាច់គុនម្នាក់ ប៉ុន្តែសារភាពថាវាពិបាកក្នុងការនៅឆ្ងាយពីមនុស្សជាទីស្រលាញ់របស់ខ្លួន។
ការខកខានចូលរួមពិធីខួបកំណើត និងការដើរកម្សាន្តជាមួយគ្រួសារ ជារឿងពិបាក ប៉ុន្តែការប្ដេជ្ញាចិត្តរបស់សារ័ត្នបានទទួលការលើកទឹកចិត្តគាំទ្រពីភរិយានិងគ្រួសាររបស់គេ។សារ័ត្ន បង្ហើបថា៖ «ខ្ញុំបានគ្រោងធ្វើរឿងមួយសម្រាប់ទិវានៃក្ដីស្រលាញ់(Valentine’s Day) តែបន្ទាប់មកខ្ញុំទទួលបានការហៅទៅប្រកួតនៅមីយ៉ាន់ម៉ានេះនិងត្រូវទៅហាត់ត្រៀមនៅបាងកក។ ដំបូងឡើយ ប្រពន្ធខ្ញុំស្នើឱ្យខ្ញុំឈប់ប្រកួត ប៉ុន្តែខ្ញុំនៅតែរក្សាការបំពេញគោលបំណងរបស់ខ្ញុំ ដល់អីចឹងឥឡូវនេះគាត់លើកទឹកចិត្តខ្ញុំនិងជូនពរឱ្យខ្ញុំជោគជ័យ។ គាត់យល់ព្រមឱ្យខ្ញុំវ៉ៃ ប៉ុន្តែគាត់គិតថាវ៉ៃយូរៗម្ដងបានហើយ។ គាត់ខ្លាចខ្ញុំឈឺឬមានសុខភាពមិនល្អពេលចាស់ទៅ»។
សារ័ត្ន បច្ចុប្បន្នមានកម្លាំងចិត្តកាន់តែខ្លាំងដោយសារការគាំទ្រពីអ្នកគាំទ្រកម្ពុជា និងគ្រួសាររបស់គេ។ ពេលនេះគេកំពុងអន្ទះសារក្នុងការបង្ហាញសមត្ថភាពវិវឌ្ឍចុងក្រោយរបស់គេនិងតំណាងកម្ពុជាលើឆាកពិភពលោក។មុនប៉ះ Tial Thang ដែលនឹងប្រកួតនៅ ONE លើកដំបូងស្អែកនេះ សារ័ត្ន បង្ហើបថា៖ «ខ្ញុំបានប្ដូររបៀបវ៉ៃរបស់ខ្ញុំ ហើយខ្ញុំខំហាត់ខ្លាំងមែនទែន។ លើកនេះខ្ញុំនឹងខ្លាំងជាងលើកមុនៗ»៕