ខ្សែប្រយុទ្ធ Lionel Messi យល់ព្រមចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ ក្រោយពីប្រកាសមិនចូលរួមតាំងពីចប់ World Cup នៅរុស្ស៊ីមក។World Cup 2018 ក្រុមអាហ្សង់ទីនធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់បារាំង។ ក្រោយពីនោះមក កីឡាករវ័យ៣១ឆ្នាំនិងជាប្រធានក្រុមផងនោះ បានសម្រេចព្យួរស្បែកជើងនៅជម្រើសជាតិមួយរយៈសិន ដើម្បីស្ងប់អារម្មណ៍។ យ៉ាងណាមិញការកោះហៅនៅឆ្នាំ២០១៩នេះ Messi បានយល់ព្រមចូលលេងវិញហើយ។
អាហ្សង់ទីននឹងលេងមិត្តភាព២ប្រកួត ដោយប៉ះជាមួយក្រុមវេណេហ្ស៊ុយអេឡា និងម៉ារ៉ុកនៅខែនេះ។ លោក Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីនបានបញ្ជាក់ថា Messi នឹងចូលលេងយ៉ាងតិច១ប្រកួតក្នុងមិត្តភាពនេះ ឬអាចលេងទាំង២ក៏ថាបាន។ កីឡាករក្រុម Barcelona បច្ចុប្បន្នរកបាន៦៥គ្រាប់ឯណោះឱ្យជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែរងការរិះគន់ច្រើន ដោយសារតែរូបគេមិនទាន់បានជួយក្រុមនេះឈ្នះពានរង្វាន់ណាមួយនៅឡើយទេ៕
ប្រភព៖ DailyMail