ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលអាល្លឺម៉ង់បានប្រាប់ត្រង់ៗថាជើងចាស់ Thierry Henry គឺជាវីរបុរសដែលខ្លួនស្រលាញ់ចូលចិត្តខ្លាំងបំផុតតាំងពីដើមរៀងមក។
បញ្ជាក់ប្រាប់សារព័ត៌មាន BBC Radio 5 Live កីឡាករវ័យ ៣០ ឆ្នាំបង្ហើបថា៖ “នៅពេលខ្ញុំអាយុ ៦ ឆ្នាំខ្ញុំចាំដល់ Roberto Baggio កាលនៅ World Cup ១៩៩៤ លុះដល់អាយុ ១០ ទៅ ១៤ ឆ្នាំខ្ញុំគិតថា Alessandro del Piero គឺល្អបំផុត ហើយ idol របស់ខ្ញុំពិតប្រាកដនោះគឺ Thierry Henry ដោយគាត់អស្ចារ្យណាស់ មិនថាតែតិចនិកនៃការស៊ុត ប៉ុន្តែជាអ្វីដែលគាត់បានធ្វើសម្រាប់ក្រុម”។
លោកបន្ត៖ “ពេល Henry នៅ Arsenal ខ្ញុំចាំបានពីការស៊ុតដ៏ងាយៗសម្រាប់គាត់ ដូចដែលគាត់បានស៊ុតពីជ្រុងខាងឆ្វេងបញ្ចូលទីយ៉ាងស្អាតតាមរយៈជើងឆ្វេង ដោយខ្ញុំក៏ចង់រកគ្រាប់បាល់បានច្រើនអ៊ីចឹងដែរ បែបនេះខ្ញុំអាចរៀនពីគាត់បាន”។ ប្រភព: FourFourTwo