ការដឹកនាំរបស់ Santiago Solari កំពុងប្រឈមដើរដល់ផ្លូវបែកក្រោយធ្វើឲ្យរបូតពាន ៣ ក្នុងចន្លោះពេលមួយសប្តាហ៍ តាមរយៈបរាជ័យទល់ Barcelona ពីរប្រកួត និងធ្លាក់ក្រោមថ្វីជើង Ajax នៅ Champions League វគ្គ ១៦ ក្រុម។
តាមការយល់ឃើញរបស់អតីតកីឡាករនិងគ្រូបង្វឹកក្រុមយុវជននៅ Madrid គឺ Alvaro Benito បានសម្លឹងឃើញថាលោក Jurgen Klopp គឺជាអ្នកចាត់ការតែម្នាក់គត់សក្តិសមនឹងមកដឹកនាំក្លឹប Real Madrid ដែលកំពុងជួបបញ្ហា។
ស្របពេលដែលគ្រប់គ្នាផ្ទុះចចាមអារ៉ាមរឿង Zidane និង Mourinho បុរសវ័យ ៤១ ឆ្នាំប្រាប់ថា៖ “គ្មានអ្វីដែលសង្ស័យនោះទេ សម្រាប់ខ្ញុំអ្នកចាត់ការសក្តិសមបំផុតសម្រាប់ Real Madrid គឺលោក Jurgen Klopp”។
បញ្ជាក់ថាតាមសំឡេងឆ្នោតលើគេហទំព័រ Marca ក៏សង្កេតឃើញអ្នកគាំទ្រប្រមាណ ៣២ ភាគរយ សាទរយកអ្នកចាត់ការអាល្លឺម៉ង់រូបនេះមកដឹកនាំជំនួស Solari ជាទំហំភាគរយស្មើនឹង Zinedine Zidane ហើយឈរខ្ពស់ជាងជម្រើសដទៃ។ ប្រភព: Marca