វាជារឿងមិនគួរឱ្យជឿមួយដែលក្រុម Manchester United បានវាយបកយកឈ្នះក្រុម PSG ឡើងបានវិញក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ UEFA Champions League ។
បើតាមលទ្ធផលជើងទី២នេះ គឺមានន័យថាក្រុមបិសាចក្រហមបានឡើងទៅវគ្គបន្ដហើយ ដោយគិតទាំងពីរជើង ៣-៣ ប៉ុន្តែក្រុម Man Utd ស៊ុតគ្រាប់ក្រៅដីបានច្រើនជាង។ លទ្ធផលចាញ់នេះដែរ ពិតជាធ្វើឱ្យក្រុមអ្នកគាំទ្រ PSG មិនសប្បាយចិត្តនោះទេ ត្បិតអីពួកគេតែងតែបរាជ័យបែបនេះនៅ UEFA Champions League ក្រោយពីឈ្នះគេនៅជើងទី១ និងចាញ់វិញនៅជើងទី២។
ទន្ទឹមគ្នានេះដែរ Neymar តារាជើងស៊ុតរបស់ PSG ដែលកំពុងសម្រាកព្យាបាលរបួសបានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “វាពិតជាគួរឱ្យខ្មាសអៀនណាស់។ ពួកគេបានឱ្យមនុស្ស៤នាក់ដែលមិនយល់ពីបាល់ទាត់កាត់សេចក្ដីដោយមើលវីដេអូយឺតៗ។ ការប៉ះបាល់នេះ គឺជាអចេតនាប៉ុណ្ណោះ”។
នៅយប់មិញនេះ ក្រុម Man Utd បានឡើងដោយសារ១គ្រាប់ចុងម៉ោងដែលជាបាល់ប៉េណាល់ទី ធ្វើបានសម្រេចដោយ Rashford ពេលអាជ្ញាកណ្ដាលផ្ដល់បាល់នេះ ក្រោយពិនិត្យមើលវីដេអូឡើងវិញ៕ប្រភព៖ Dailymail