Sydney Leroux កីឡាការិនីរបស់ក្រុម Orlando Pride បានចូលហ្វឹកហាត់ជាមួយក្រុមត្រៀមរដូវកាលថ្មី ត្បិតអីនាងកំពុងពពោះ៦ខែទៅហើយក្ដី។
ការចូលហ្វឹកហាត់ជាមួយក្រុមទាំងដែលខ្លួនកំពុងមានផ្ទៃពោះនេះដែរ កំពុងតែធ្វើឱ្យកក្រើកក្នុងបណ្ដាញសង្គមតែម្ដង។ Sydney វ័យ២៨ឆ្នាំបាននិយាយចំពោះទង្វើរបស់ខ្លួននេះថា៖ “ខ្ញុំមិនគិតថាខ្ញុំនឹងត្រូវសម្រាកពេលមានផ្ទៃពោះប៉ុណ្ណឹងទេ។ ខ្ញុំគ្រាន់តែហ្វឹកហាត់ធម្មតា មិនឱ្យមានការប៉ះទង្គិចខ្លាំងឡើយ”។ ការហ្វឹកហាត់ទាំងខ្លួនមានផ្ទៃពោះនេះ បានធ្វើឱ្យនារីជាច្រើនមានមោទនភាពចំពោះកីឡាការិនីនេះខ្លាំងណាស់។
នារីដែលកើតនៅកាណាដា ប៉ុន្តែលេងឱ្យជម្រើសជាតិនារីអាមេរិកខាងលើនេះ អាចចាត់ទុកជាវីរនារីបាល់ទាត់ស្ត្រីម្នាក់បាន ព្រោះនាងបង្ហាញខ្លួនក្នុងជម្រើសជាតិអាមេរិក៧៧ប្រកួត រកបាន៣៥គ្រាប់។ ជួយក្រុមជម្រើសជាតិនេះ ឈ្នះពាន World Cup កាលពីឆ្នាំ២០១៥ និងឈ្នះមេដាយមាសអូឡាំពិកនៅឆ្នាំ ២០១២ផងដែរ៕ប្រភព៖ Dailymail