លោក Florentino Perez ប្រធានក្លឹប Real Madrid កំពុងស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកជំនួសតំណែងលោក Solari ដែលកំពុងយ៉ាប់យ៉ឺនដឹកនាំក្រុមចាញ់៣ប្រកួតជាប់គ្នាក្នុងដីខ្លួនឯង។
បើតាមប្រភពពីអេស្ប៉ាញ លោក Perez អស់ទំនុកចិត្តលើ Solari ហើយ ក្រោយពីបាត់បង់ពានរង្វាន់ទាំងអស់នៅរដូវកាលនេះ។ បើតាមគម្រោងមុនការប្រកួតយប់មិញ គឺក្លឹបនឹងស្វែងរកអ្នកចាត់ការថ្មីនៅរដូវកាលក្រោយ។ ប៉ុន្តែក្រោយពីចាញ់ Ajax ដល់ ៤-១ ធ្លាក់ពី Champions League ទៀត នោះក្លឹបអាចនឹងស្វែងរកទាន់ហន់តែម្ដង ដើម្បីមកកែប្រែស្ថានការណ៍ឡើងវិញ។
មានឈ្មោះអ្នកចាត់ការជាច្រើនក្នុងបញ្ជីរបស់លោក Perez ប៉ុន្តែពួកគេសុទ្ធតែជាប់ដឹកនាំក្រុមលេងនៅពានរង្វាន់ UCL ទាំងអស់ដូចជា Pochettino កំពុងដឹកនាំ Spurs និង Allegri កំពុងដឹកនាំ Juventus ជាដើម។ ដោយសារតែដូច្នេះហើយ ទើបបានជាប្រធានក្លឹបមួយ អាចនឹងងាកទៅមើល Raul ដែលវីរបុរសរបស់ក្លឹបវិញ។ បើសិនជាយកអតីតកីឡាកររបស់ខ្លួនមកដឹកនាំមែន នោះអាចនឹងបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល។
Raul បច្ចុប្បន្នកំពុងដឹកនាំក្រុមយុវជនរបស់ក្រុម Real Madrid ដែលទើបកាន់តំណែងកាលពីសប្ដាហ៍មុន។ បុរសវ័យ៤១ឆ្នាំរូបនេះ ទទួលបានការគោរពស្រលាញ់ច្រើនពីសំណាក់អ្នកគាំទ្រក្រុមអធិរាជស៕ប្រភព៖ Dailymail