ក្រុម Manchester United នឹងត្រូវប្រកួតជើងទី២ទល់ក្រុម PSG នៅម៉ោង៣រំលងអាធ្រាត្រនេះហើយ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
កាលពីជើងទី១កន្លងទៅ លេងនៅ Old Trafford ក្រុមបិសាចក្រហម បានបរាជ័យ ២-០ ម្ដងមកហើយ។ ដូច្នេះជើងទី២នេះ ត្រូវតែឈ្នះ៣-០ ឡើងទៅ ទើបអាចឡើងទៅវគ្គបន្ដបាន។ ទន្ទឹមគ្នានឹងការសម្រេចរឿងពិបាកមួយនេះ ក្រុម Man Utd ក៏កំពុងជួបបញ្ហាកីឡាកររបួសដែរ។ ជាក់ស្ដែងមានកីឡាករប្រមាណជា៨នាក់ហើយ មិនអាចចូលលេងបាននៅរាត្រីនេះ ដោយសារតែរបួសនិងជាប់បម្រាម។
ដើម្បីដោះស្រាយបញ្ហាកីឡាកររបួសនេះ លោក Solskjaer បានកោះហៅកីឡាករយុវជនរហូតដល់៥នាក់ឯណោះ ដើម្បីមកជួយក្រុម។ កីឡាករទាំង៥នាក់នេះ អាចនឹងជាប់បម្រុងសម្រាប់ការប្រកួតនៅរាត្រីនេះ ហើយប្រសិនបើនៅមានកីឡាកររបួសបន្ថែមទៀតនោះ យុវជននឹងមានឱកាសបង្ហាញខ្លួននៅពានរង្វាន់ធំលំដាប់អឺរ៉ុបមួយនេះហើយ។
កីឡាករយុវជនទាំង៥នាក់រួមមាន៖ Tahith Chong វ័យ១៩ឆ្នាំលេងតួនាទីបម្រើស្លាបស្ដាំ Mason Greenwood វ័យ១៧ឆ្នាំ ប្រយុទ្ធកណ្ដាល Angel Gomes វ័យ១៨ឆ្នាំ បម្រើប្រយុទ្ធ James Garner បម្រើកណ្ដាល និង Brandon Williams វ័យ១៨ឆ្នាំខ្សែការពារ៕ប្រភព៖ Dailymail