Santiago Solari អ្នកចាត់ការក្រុម Real Madrid បានបញ្ជាក់ថាលោកនឹងមិនចាកចេញពីតំណែងឡើយ បើទោះជា Real Madrid ធ្លាក់ពីពានរង្វាន់៣ក្នុង១សប្ដាហ៍ក៏ដោយ។
ក្រុម Real Madrid បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ហើយ ក្រោមថ្វីជើងក្រុម Ajax ក្នុងលទ្ធផល ៥-៣ គិតទាំងពីរជើង នៅវគ្គ១៦ក្រុមចុងក្រោយ។ បរាជ័យនេះ គឺជាប្រវត្តិជូរចត់មួយសម្រាប់ក្រុមអធិរាជស ត្បិតអីត្រឹមរយៈ១សប្ដាហ៍ប៉ុណ្ណោះ ពួកគេបរាជ័យក្នុងដីខ្លួនឯង៣ប្រកួតជាប់គ្នាទៅហើយ។
ត្បិតតែលេងមិនល្អយ៉ាងនេះមែន ប៉ុន្តែលោក Solari ដែលជាអ្នកចាត់ការបានបញ្ជាក់ថាលោកនឹងមិនចេញពីតំណែងនោះទេ។ បុរសទើបចូលដឹកនាំក្រុមនារដូវកាលនេះបានបញ្ជាក់ថា៖ “យើងពិបាកចិត្ត ហើយកំពុងទទួលរងការរិះគន់។ ខ្ញុំនៅទីនេះដើម្បីធ្វើការ យើងធ្វើការអាជីព ហើយនៅថ្ងៃស្អែកយើងនឹងមកធ្វើការបន្ដ។ ខ្ញុំមិនមែនមកទីនេះ ហើយពេលលំបាក ចាកចេញទៅវិញនោះទេ”៕ប្រភព៖ Dailymail