ភ្នាក់ងារទីផ្សាររបស់ខ្សែប្រយុទ្ធ Gareth Bale បានស្ដីបន្ទោសទៅក្រុមអ្នកគាំទ្ររបស់ Real Madrid ដែលបានរិះគន់ចំពោះ Bale រឿងក្រោយចប់ការប្រកួតទល់ក្រុម Barcelona ។
Bale ត្រូវបានគដឹងថាបានចាកចេញពីទីលាននិងបើកឡានទៅផ្ទះមុនគេ ក្នុងការប្រកួតដែល Real Madrid ចាញ់ Barcelona ១-០។ កត្តានេះហើយ បានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុម Real Madrid មួយចំនួនស្ដីបន្ទោសទៅលើកីឡាករសញ្ជាតិវែលខាងលើនេះយ៉ាងខ្លាំង។ ជាមួយនឹងការរិះគន់នេះ ភ្នាក់ងារទីផ្សាររបស់ Bale បានឆ្លើយតបវិញថា ក្រុមអ្នកគាំទ្រទាំងអស់គួរតែខ្មាសខ្លួនឯងទៅវិញទេ។
លោក Jonathan Barnett ដែលជាភ្នាក់ងាររបស់ Bale តាំងពីឆ្នាំ២០១៣មកនោះ បាននិយាយដូច្នេះទៀតថា៖ “គាត់គួរតែទទួលបានការគោរពជាងនេះ។ គ្រាប់បាល់ជាច្រើនដែលគាត់រកបាននិងជួយក្រុមគឺក្រុមអ្នកគាំទ្រគួរតែកត់សម្គាល់ ហើយការស្ដីបន្ទោសរបស់ពួកគេមិនគួរឱ្យកើតមានទេ។ ៦ឆ្នាំនៅទីនេះ គាត់បានជួយក្រុមឈ្នះគ្រប់យ៉ាង។ គាត់ជាកីឡាករល្អជាងគេលើលោកម្នាក់ អ្នកគាំទ្រទាំងអស់នោះ គួរតែមកថើបជើងរបស់គាត់ទើបត្រូវ”៕ប្រភព៖ Dailymail