ខ្សែប្រយុទ្ធ Marco Reus បាននិយាយថាក្រុម Dortmund ត្រៀមខ្លួនរួចជាស្រេចសម្រាប់បង្កើតប្រវត្តិសាស្ត្រវាយបកយកឈ្នះលើក្រុម Spurs វិញ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
Spurs បានយកឈ្នះក្រុម Dortmund ៣-០ រួចមកហើយកាលពីជើងទី១កន្លងទៅក្នុងការប្រកួត UEFA Champions League នេះ។ ៣គ្រាប់នេះ អាចនឹងធ្វើឱ្យក្រុម Spurs មានភាពកក់ក្ដៅបន្តិច ត្បិតអីក្រុម Dortmund ត្រូវការឈ្នះយ៉ាងតិច ៤-០ ឯណោះ ទើបអាចឡើងទៅវគ្គបន្ដបាន។
ច្រើនគ្រាប់យ៉ាងនេះមែន ប៉ុន្តែខ្សែប្រយុទ្ធ Reus របស់ក្រុម Dortmund ជឿជាក់ថានៅរាត្រីនេះពួកគេនឹងបង្កើតប្រវត្តិសាស្ត្រវាយបកវិញបាន។ “យើងធ្លាប់លេងប្រកួតច្រើនមកហើយនៅកីឡដ្ឋានរបស់យើង ដើម្បីរកគ្រាប់បាល់ច្រើនគ្រាប់។ យើងកំពុងស្ថិតនៅកន្លែងមួយដែលត្រូវតែសម្រេចឱ្យបានរឿងដែលមិនអាចទៅរួច។ វាជារឿងសំខាន់ណាស់ក្នុងការជឿជាក់លើខ្លួនឯង ហើយលេងឱ្យបានល្អបំផុត”។
Spurs បច្ចុប្បន្ននេះ តាំងពីឈ្នះ Dortmund ៣-០ នោះមក ៣ប្រកួតបន្ទាប់គឺមិនទាន់បានឈ្នះនោះទេ ប៉ុន្តែបើមើលទៅ Dortmund ក៏កំពុងធ្លាក់ជើងដែរ។ ៦ប្រកួតមកនេះ ឈ្នះបានតែ១ប្រកួតប៉ុណ្ណោះ ហើយនៅលីគកំពូលអាល្លឺម៉ង់វិញ ត្រូវក្រុម Bayern Munich តាមស្មើពិន្ទុទៅហើយ៕ប្រភព៖ Dailymail