Buffon ថា​មាន​ក្លឹប​មួយ​នៅ Premier League ធ្លាប់​ផ្ដល់​សំណើ​ធំ តែ​ខ្លួន​បដិសេធ

ស្ថិត​ក្នុង​វ័យ ៤១ ឆ្នាំ​អ្នកចាំទី​ចាស់​វស្សា Gianluigi Buffon នៅ​តែ​បន្ត​អាជីព​ក្នុង​កីឡា​បាល់ទាត់​នៅ​ក្លឹប Paris Saint-Germain។ ប៉ុន្តែ​ជីក​កកាយ​ដល់​រឿងរ៉ាវ​អតីត​កាល អតីត​ជើង​ចាស់​នៅ Juventus បាន​បង្ហើប​ថា​មាន​តាំង​ពី​ក្លឹប Manchester United និង Manchester City ធ្លាប់ចាប់​អារម្មណ៍​ចង់​បាន​រូប​លោក។

ប្រាប់​សារព័ត៌មាន BT Sport លោក​និយាយ​ថា៖ “ពេល​ខ្ញុំ​នៅ​ក្មេង​អំឡុង​លេង​ឲ្យ​ក្លឹប Parma គ្រា​នោះ​លោក Sir Alex Ferguson តាម​មើល​ខ្ញុំ​មិន​ដាក់​ភ្នែក​អស់​ពេល ២ ឬ ៣ ឆ្នាំ ហើយ​ជា​ញឹកញយ​លោក​តែងតែ​បញ្ជូន​គេ​មក​ឲ្យ​ឃ្លាំ​មើល​ការ​លេង​របស់​ខ្ញុំ ប៉ុន្តែ​គ្រា​នោះ​ក្នុង​ចិត្ត​គិត​ហើយ​ថា​ Parma ជា​ពិភពលោក​របស់​ខ្ញុំ ដោយ​គ្មាន​ចិត្ត​ចង់​ចាកចេញ​ទេ”។

កីឡាករ​សញ្ជាតិ​អ៊ីតាលី​បន្ត​ប្រាប់​ថា៖ “ក្រោយ​មក​ក៏​ទទួល​បាន​សំណើ​ធំ​មួយ​ពី​ក្លឹប Manchester City គ្រា​ដែល​ពួក​គេ​ចាប់​ផ្តើម​កសាង​ក្រុម​ទាំង​មូល​ឲ្យ​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប ហើយ​ចង់​បាន​ខ្ញុំ​ឲ្យ​ចុះ​ហត្ថលេខា​មុន​គេ ប៉ុន្តែ​ខ្ញុំ​នៅ​បន្ត​ឈរ​ជើង​ឲ្យ Juventus”។

រំឭក​ដែរ​ថា Buffon បាន​ចាកចេញ​ពី Juventus កាល​ពី​រដូវ​ក្តៅ ផ្លាស់​ទៅ​លេង​ឲ្យ PSG ​ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយ​ចាយ​ពេល ១៧ ឆ្នាំ​ស្មើ ៥០៩ ប្រកួត​នៅ​ទ្រនំ​ចាស់​នៃ​ទឹក​ដី Turin។ ប្រភព: SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT