PSG នឹងត្រូវបើកកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្លឹប Manchester United នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីសម្រេចយកក្រុមមួយត្រូវឆ្ពោះទៅវគ្គ ៨ ក្រុមនៃពានរង្វាន់ Champions League។ មុនឈានដល់ការប្រកួតអ្នកគាំទ្រក៏ទទួលបានដំណឹងមិនល្អមួយ ដោយខ្សែប្រយុទ្ធជួរមុខ Alexis Sanchez នឹងត្រូវអវត្តមានក្នុងជំនួបសំខាន់ៗមានតាំងពីការប៉ះ Paris Saint-Germain, Arsenal និង Wolves។
Sanchez បានជួបរបួសជង្គង់ញាំញីកាលពីប្រកួតយកឈ្នះលើ Southampton ដោយកីឡាករឈីលីបានផ្លាស់ចេញនៅនាទី ៥២ ក្រោយខ្សែការពារ Jan Bednarek បានបង្កការប៉ះទង្គិច។ ឆ្លើយតបដោយអ្នកត្រួតពិនិត្យរបួសលោក Pedro Onate បានសង្កត់ធ្ងន់ថា Sanchez ប្រឈមនឹងអវត្តមានលើទីលានរយៈពេល ២ ខែ។
លោក Onate បានថ្លែងប្រាប់សារព័ត៌មាន El Mercurio៖ “នឹងពុំមានបញ្ហាអ្វីទេសម្រាប់គាត់នៅការប្រកួត Copa America ព្រោះគាត់នឹងអវត្តមានចន្លោះ ៦ ទៅ ៨ សប្ដាហ៍ ប៉ុន្តែក្នុងអំឡុងពេលនេះគឺគាត់មិនអាចចូលលេងបានទេ”។ ប្រភព៖ BeSoccer