ជើងខ្លាំងកម្ពុជា៤រូប ដែលអាចនាំគុនខ្មែរទៅបង្កព្យុះភ្លៀងនៅអន្តរជាតិនាឆ្នាំ២០១៩

ឆ្នាំ​២០១៩​ជា​ឆ្នាំ​ធំ​មួយ​សម្រាប់​កម្ពុជា​ដ្បិត​មាន​អត្តពលិក​ច្រើន​ជាង​មុន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​​របស់​ពិភពលោក ​ONE Championship។ ខា​ង​ក្រោម​នេះ​ជា​តារា​​លេច​ធ្លោ​៤​រូប​ដែល​កម្ពុជា​គួរ​តាម​ដាន​ក្នុង​ឆ្នាំ​២០១៩​។

១៖ នៅ ស្រីពៅ (ស្ថិតិប្រកួត​ ​១-០)

អត្តពលិក​របស់​ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រីពៅ មាន​ឆ្នាំ​២០១៨​ដ៏​ជោគជ័យ​យ៉ាង​ធំធេង ដោយ​នាង​បាន​​ក្លាយ​ជា​ជើងឯក​គុន​ខ្មែរ​ផង​និង​ឈ្នះ​ពាន​រង្វាន់​ Female Fighter of the Year ​ពី​ស្ថាប័ន World Lethwei Championship (WLC) ផង​។

ក្នុង​ឆ្នាំ​២០១៩ កីឡាការិនី​វ័យ​ក្មេង​ដ៏​ឆ្នើម​ដែល​មាន​​​ទីលំនៅ​នៅ​ភ្នំពេញ​​រូបនេះ​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​កាន់​កម្រិត​ជោគជ័យ​​កាន់​តែ​ខ្ពស់​ជាងនេះ​ទៀត ដោយ​នាង​បាន​ចូល​ខ្លួន​ក្នុង​​ការ​ប្រកួត​គុន​ចម្រុះ​របស់ ONE Championship ​ជាមួយ​ជ័យជម្នះ​យ៉ាង​កក្រើក​លើ​កំពូល​តារា​ថៃ Rika Ishige​។

ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ ​ភាព​ជោគជ័យ​និង​ភាព​ល្បីល្បាញ​លំដាប់​កំពូល​ស្ថិត​​នៅ​ក្បែរ​ដៃ​របស់​ស្រីពៅ​ ហើយ​នាង​អាច​​ជា​អនាគត​​និមិត្តរូបនៃ​គុន​ចម្រុះ​កម្ពុជា​។

២៖ ចាន់ រតនា (ស្ថិតិ​​ប្រកួត​​ ៥-៣)

មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​​ទទួល​បាន​ការ​គោរព​អស់​ពី​ចិត្ត​ពី​ប្រទេស​មួយ​ទាំង​មូល ក្នុងនោះ​​ក៏​មាន​អ្នក​ដឹកនាំ​ក្លិប​សិល្បៈ​ ចាន់ រតនា ដែល​បាន​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​​ហ្មត់ចត់​និង​ខ្លាំង​ក្លា​ដើម្បី​សម្រួច​ជំនាញ​​ក្បាច់​គុន​របស់​ខ្លួន​។

ក្នុងនាម​ជា​កីឡាករ​ខ្មែរ​ទី​១​ដែល​បាន​ឈ្នះ​ការ​ប្រកួត ONE Championship នៅ​ក្រៅ​ប្រទេស​កម្ពុជា រតនា បាន​បន្ត​នាំ​មុខ​គេ​លើ​វិស័យ​នេះ​ជាមួយ​ភាព​ជា​គំរូ​និង​ជា​អ្នក​លេង​ក្បាច់​គុន​លេច​ធ្លោ​បំផុត​​ម្នាក់​របស់​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​សង្ស័យ​។

កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន រតនា បាន​ត្រលប់​ចូល​​ទ្រុង ONE ​វិញ​ជាមួយ​នឹង​សមត្ថភាព​ដ៏​ទាក់ទាញ​​​ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី​ដែល​ពី​មុន​មិន​ធ្លាប់​ចាញ់ Abro Fernandes​។

ក្រោយ​សម្រុក​ទៅ​សម្រុក​មក​យ៉ាង​រំភើប រតនា​ ដែល​មានវ័យ​៣៣​ឆ្នាំ​បាន​ផ្ដួល​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់ Abro ក្នុង​ទឹក​ទី​២ ហើយ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ហេតុអ្វី​បាន​ជា​គេ​ជា​កីឡាករ​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ទ្វីប​អាស៊ី​ក្នុង​ទម្ងន់ flyweight ​បច្ចុប្បន្ននេះ​។

៣៖ ឯម សុវណ្ណារី (ស្ថិតិប្រកួត​ ៣-០)

កីឡាការិនី​កូន​កាត់​ខ្មែរ​-អាមេរិក ឯម សុវណ្ណារី បាន​បង្ហាញ​សមត្ថភាព​​យ៉ាង​គួរ​ឱ្យ​សរសើរ​និង​ចងចាំ​យូរ​អង្វែង​​នៅ​ពេល​នាង​​ចូល​​ប្រកួត​ ONE Championship លើក​ដំបូង​នៅ ONE: DESTINY OF CHAMPIONS ក្នុង​ទីក្រុង​កួឡាឡាំពួរ​។

បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​ដោយ​ផ្ដួល​គូ​ប្រកួត​សន្លប់​ក្នុង​ទឹក​ទី​១​ពីរ​ដង សុវណ្ណារី បាន​ប្រើ​ពេល​វេលា​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​​នៅ​ពេល​នាង​តតាំង​ជាមួយ​​កីឡាការិនី​​គុន​ចម្រុះ​ចាស់​វស្សា Iryna “Delsa” Kyselova ដោយ​​ចាយ​ពេល​ត្រឹម​៨១​វិនាទី​​ដើម្បី​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​គូ​ប្រកួត​។

ការ​ផ្ដួល​គូ​ប្រកួត​៣​នាក់​ឱ្យ​សន្លប់​ក្នុង​ពេល​​តិច​ជាង​៣​នាទី​ពិត​ជា​បាន​ជួយ​សាង​កេរ្តិ៍ឈ្មោះ សុវណ្ណារី ជា​តារា​កំពុង​រះ​មួយ​ដួង​របស់​កម្ពុជា​​។ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​មាន​គ្រប់​ក្បាច់​​រូបនេះ​នៅ​មិនទាន់​បង្ហាញ​សមត្ថភាព​អស់​ពី​សក្ដានុពល​នៅឡើយ​ទេ​។
៤៖ Emmanuel Onyedikachi (ស្ថិតិ​ប្រកួត ៣-០)

ក្រោយ​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា​នៅ ONE Warrior Series ​របស់​ Rich Franklin ដៃគូ​ហ្វឹកហាត់​របស់ ចាន់ រតនា គឺ Emmanuel “The Biafran Warrior” Onyedikachi ជិត​ឈាន​ចូល​ភាព​​​ល្បីល្បាញ​នៅ ONE Championship ហើយ​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កីឡាករ​​មហាកម្លាំង​​កើត​នៅ​នីហ្សេរីយ៉ា នឹង​​ប្រកួត​គូ​ឯក​នៅ OWS 4 ក្នុង​ប្រទេស​សិង្ហបុរី ដោយ​គេ​នឹង​តតាំង​ជាមួយ​កីឡាករ​ដ៏​មាន​ទេពកោសល្យ Devon Morris ​មក​ពី​ក្លិប Phuket Top Team​។

ជំនួប​រវាង​អ្នក​ប្រយុទ្ធ​​មហាកម្លាំង​ទាំង​ពីរ​រូបនេះ​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ពួក​គេ​ស្រេកឃ្លាន​ក្នុងការ​បង្ហាញ​​ថា​ពួក​គេ​​សម​តែ​ប្រកួត​​​ក្នុង​កម្មវិធី​ធំ​ៗ​។

ជ័យជម្នះ​ដ៏​គួរ​ឱ្យ​សរសើរ​មួយ​ទៀត​សម្រាប់ “The Biafran Warrior” ​គឺ​សឹង​តែ​ច្បាស់​ហើយ​​ថា​នឹង​បង្កើត​ឆ្នាំ​២០១៩​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​រូប​គេ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT