ក្រុម Fulham បានបណ្ដេញលោក Claudio Ranieri ចេញពីតំណែងអ្នកចាត់ការហើយ ក្រោយពីដឹកនាំក្រុមបាន ១០៦ថ្ងៃ ប៉ុន្តែទទួលបានលទ្ធផលមិនល្អ។
បុរសសញ្ជាតិអ៊ីតាលី បានដឹកនាំក្រុម Fulham ប្រកួតចុងក្រោយ ដោយចាញ់ក្រុម Southampton ក្នុងលទ្ធផល ២-០។ លទ្ធផលនេះបានធ្វើឱ្យពួកគេធ្លាក់ដល់លេខ១៩ក្នុងតារាង ហើយស្ថិតនៅចាញ់១០ពិន្ទុឯណោះពីតំបន់សុវត្ថិភាព ខណៈដែលការប្រកួតនៅសល់តែ១០ប្រកួតទៀតប៉ុណ្ណោះ។ Ranieri ដឹកនាំក្រុមឈ្នះបានតែ៣ដងប៉ុណ្ណោះ ក្នុងចំណោម១៧ប្រកួតដែលដឹកនាំក្រុមនេះ។
គេនៅចាំបានថា អ្នកចាត់ការវ័យ៦៧ឆ្នាំខាងលើ ទទួលបានកិត្តិយសខ្លាំង ក្រោយពីដឹកនាំក្រុម Leicester City លើកពាន Premier League កាលពីឆ្នាំ២០១៦កន្លងទៅ។ តែយ៉ាងណាមិញ ក្រោយពីដឹកនាំក្រុមជោគជ័យជាប្រវត្តិសាស្ត្រហើយ បានត្រឹមតែ៩ខែប៉ុណ្ណោះ លោកក៏ត្រូវក្លឹបមានម្ចាស់ជាជនជាតិថៃមួយនេះបណ្ដេញចេញវិញ ដោយសារធ្លាក់ទម្រង់លេងខ្លាំង៕ប្រភព៖ Bbc