ខ្សែប្រយុទ្ធ Asensio ចង់ឈ្នះពានរង្វាន់ Copa del Rey នៅឆ្នាំនេះ ព្រោះវាជាពានមួយដែលខ្លួនមិនទាន់បានកាន់សោះជាមួយក្រុម Real Madrid ។
នៅម៉ោង៣រំលងអាធ្រាត្រនេះ ក្រុម Real Madrid នឹងស្វាគមន៍ក្រុមភ្ញៀវ FC Barcelona ជើងទី២ពានរង្វាន់ Copa del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះជាការប្រកួតជក់ចិត្តមួយ ត្បិតអីកាលពីជើងទី១កន្លងទៅ ក្រុមទាំងពីរស្មើគ្នា ១-១ រួចមកហើយ។ មុនការប្រកួតនេះចាប់ផ្ដើមដែរ កីឡាករវ័យក្មេង Asensio បានបង្ហាញទំនុកចិត្តថាក្រុមរបស់ខ្លួននឹងមានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន។
ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid ខាងលើបានបន្ថែមទៀតថា៖ “យើងត្រូវតែរួមគ្នា និងដើរទៅមុខជាមួយគ្នាទៀត។ យើងត្រូវតែចាប់ផ្ដើមលេងឱ្យខ្លាំងតាំងពីការចាប់ផ្ដើមដំបូង និងផ្ដល់គ្រប់យ៉ាងសម្រាប់ប្រកួតនេះ។ ខ្ញុំចង់ឈ្នះពានរង្វាន់មួយនេះ ព្រោះវាជាពានមួយដែលខ្ញុំមិនទាន់ឈ្នះសោះជាមួយក្រុម Real Madrid”៕ប្រភព៖ MARCA