កីឡាករមហាកម្លាំងជនជាតិនីហ្សេរីយ៉ារស់នៅភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi កំពុងស្ថិតនៅប្រទេសសិង្ហបុរី និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតថ្មីមួយទៀតនៅថ្ងៃព្រហស្បតិ៍ទី២៨ខែកុម្ភៈ នៅ ONE Warrior Series 4 (OWS 4) របស់លោក Rich Franklin។
កីឡាករមិនដែលចាញ់មកពីក្លិបសិល្បៈរូបនេះបានសាងកេរ្តិ៍ឈ្មោះយ៉ាងលឿនរហ័សជាអ្នកលេងគុនចម្រុះមានអនាគតល្អបំផុតម្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍និងសង្ឃឹមថាជ័យជម្នះម្ដងទៀតនឹងនាំរូបគេចូលឆាកពិភពលោករបស់ ONE Championship។
កីឡាករវ័យ៣២ឆ្នាំនឹងប៉ះជាមួយកីឡាករ Devon “Bam Bam” Morris របស់ក្លិប Phuket Top Team។ ជំនួបក្នុងទម្ងន់ welterweight រវាងពួកគេទាំងពីរជាគូឯកនៃព្រឹត្តិការណ៍ដែលនឹងនាំមកនូវចំណាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតចំពោះ Onyedikachi។
Emmanuel Onyedikachi បញ្ជាក់ថា៖ «ខ្ញុំគ្មានអារម្មណ៍ភ័យព្រួយអ្វីឡើយ។ ខ្ញុំរឹងមាំទាំងកាយទាំងចិត្ត។ ខ្ញុំមិនត្រូវការត្រៀមខ្លួនឱ្យរួចរាល់អ្វីឡើយ ព្រោះខ្ញុំរួចរាល់ស្រាប់ទៅហើយ។ នៅ ONE Warrior Series ខ្ញុំជាកីឡាករតែម្នាក់គត់ដែលបានឈ្នះ៣ប្រកួតជាប់គ្នា។ គ្មានអ្នកណាធ្វើបានបែបនេះឡើយពីមុនមក»។
Emmanuel និយាយបន្តលាយឡំដោយសំណើចថា៖ «គាត់ដឹងថាខ្ញុំអាចវាយគាត់សន្លប់ ប៉ុន្តែគាត់បានប្រាប់ខ្ញុំកុំឱ្យវាយគាត់សន្លប់លឿនពេក។ វានឹងជាការប្រកួតដ៏ជក់ចិត្តមួយ។ វានឹងល្អមើល»។
ទាំង Morris និង Onyedikachi បានសាងកេរ្តិ៍ឈ្មោះជាអ្នកប្រយុទ្ធដ៏សាហាវតាមរយៈកម្លាំងដ៏មហិមារបស់ពួកគេក្នុងការផ្ដួលគូប្រកួត។ អ្នកទាំងពីរមានស្ថិតិប្រកួតសរុបបញ្ចូលគ្នាចំនួន១០ប្រកួត។
ការឡើងប្រកួតដ៏ទាក់ទាញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះអាចរុញច្រាននរណាម្នាក់ក្នុងចំណោមពួកគេចូលក្នុងលីគធំ។ ប៉ុន្តែទោះបីគេអាចទទួលបានភាពល្បីល្បាញក៏ដោយ ក៏កីឡាកររហស្សនាម “The Biafran Warrior” នៅតែឆ្លៀតយកពេលថ្លែងអំណរគុណដល់អ្នកដែលបានជួយជ្រោមជ្រែងគេឱ្យមានថ្ងៃនេះ។
«ខ្ញុំចង់បង្ហាញការដឹងគុណដល់គ្រប់គ្នាដែលបានរួមចំណែកជួយខ្ញុំឱ្យមានថ្ងៃនេះ ហើយខ្ញុំមិនភ្លេចលើកឈ្មោះលោកគ្រូ ហ៊ុន ចាន់រាជ្យ ដែលជាអ្នកដឹកនាំក្លិប Cambodian Top Team ឡើយ។ គាត់ជាអ្នកដែលបាននាំខ្ញុំមក ONE Warrior Series។ ខ្ញុំមានអ្វីដែលខ្ញុំមានបច្ចុប្បន្ននេះគឺដោយសារគាត់ ខ្ញុំនៅជំពាក់គុណគាត់ច្រើនណាស់»។
Emmanuel ដែលទើបរៀបការថ្មីថ្មោងនិងរំពឹងទទួលបានចំណងដៃកូនដំបូងឆាប់ៗនេះ សារភាពថាគ្រប់យ៉ាងកំពុងកើតឡើងលឿនមែនទែនចំពោះគេ។
ទោះយ៉ាងណាក៏ដោយ Onyedikachi មានអារម្មណ៍ថាវាកាន់តែជួយបង្កើនថាមពលដល់រូបគេហើយថាគេនឹងប្រើថាមពលនេះដើម្បីទទួលជ័យជម្នះដ៏កក្រើកម្ដងទៀត ដើម្បីទទួលបានកៅអីស្ថិតក្នុងចំណោមអ្នកលេងក្បាច់គុនឆ្នើមៗបំផុតក្នុងពិភពលោក។
«ពួកយើងចង់ផ្ដួលគេឱ្យសន្លប់។ ខ្ញុំចង់ឈ្នះដោយផ្ដួលដៃគូសន្លប់យ៉ាងហោច២ដងក្នុងអាជីពរបស់ខ្ញុំនៅ ONE Warrior Series មុនពេលខ្ញុំឈានចូល ONE Championship»។
«ខ្ញុំមានទំនុកចិត្តថាខ្ញុំនឹងស្ថិតក្នុងចំណោមអត្តពលិកលំដាប់កំពូលហើយនាំទង់ជាតិកម្ពុជាមកកាន់កម្រិតកំពូលជាថ្មី»៕