ខុន ស៊ីចាន់ សន្យា​ពង្រឹង​សមត្ថភាព​ឱ្យ​ខ្លាំង​ជាង​មុន​ហើយ​ចង់​ប្រកួត​នៅ ONE’s Super Series

ជើងឯក KWC ទម្ងន់ Flyweight (៦១គក) ខុន ស៊ីចាន់ មិនអាច​បង្កើត​ជ័យជម្នះ​ដ៏​កក្រើក​ដូច​ដែល​គេ​បាន​ធ្វើ​ឆ្នាំ​មុន​ឡើយ ដោយ​គេ​ត្រូវ​បាន​កីឡាករ​ឆ្នើម​​​ឥណ្ឌូនេស៊ី​ Rudy “The Golden Boy” បង្ខំ​ឱ្យ​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១​កាល​ពី​ថ្ងៃ​សុក្រ​ទី​២២​ខែ​កុម្ភៈ​។កីឡាករ​ជំនាញ​គុន​ខ្មែរ​បាន​ប្រកួត​​គូ​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ហើយ​បាន​ចាប់​ផ្ដើម​វាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដោយ​រក្សា​ចម្ងាយ​ពី​គូ​បដិបក្ខ​ជនជាតិ​ឥណ្ឌូនេស៊ី​។នៅ​វិនាទីទី​៤៥ Agustian ដែល​មាន​រហស្សនាម “Golden Boy​” បាន​​បុក​ចូលចាប់​​ផ្ដួល​​ស៊ី​ចាន់​ទៅលើ​រេញ​​​ ហើយ​​គ្រប់គ្រង​ស្ថានការណ៍​បាន​​​យ៉ាង​រហ័ស​ដោយ​​​សង្កត់​លើ​ស៊ីចាន់​ជាប់​​។កីឡាករ​កម្ពុជា​បាន​ការពារ​ខ្លួន​ពី​ការ​ព្យាយាម​ចាប់​ក្លេ​​របស់ Rudy ប៉ុន្តែ​​កាន់​តែ​ជាប់​ក្លេ​ខ្លាំង​ឡើង​ៗ​នៅ​ពាក់​កណ្ដាល​ទឹក​។បន្ទាប់ពី​ព្យាយាម​រើ​​បម្រះ​​ដើម្បី​ឱ្យ Rudy ខ្ទាត​ចេញ ស៊ីចាន់ ត្រូវ Rudy ចាប់​ខ្នង​បាន​ ហើយ​ខណៈ​ការ​ប្រកួត​ទឹក​១​នៅ​សល់​ពេល​១៖៤៥​នាទីទៀត ជើងឯកមួយថៃ​ថ្នាក់​ជាតិ​របស់​ឥណ្ឌូនេស៊ី​បាន​​ផ្ដេក​ខ្លួន​លើ​រេញ​ហើយ​ក្លេ​ក​ស៊ីចាន់ពី​ក្រោយ​​បណ្ដាល​ឱ្យ​ស៊ី​ចាន់​គោះសុំ​ចុះ​ចាញ់​។លោក Alan Mccune ​ដែល​ជា​គ្រូ​បង្វឹក​យូរ​ឆ្នាំ​របស់ ស៊ីចាន់ និយាយ​ថា​៖ «វា​មិនមែនជា​រាត្រី​អស្ចារ្យ​សម្រាប់​ស៊ីចាន់ឡើយ​។ គាត់​មិនបាន​វាយ​អស់​មួយ​ឆ្នាំ​ហើយ​ ហើយ​ពួក​យើងយឺត​បន្តិច​ក្នុង​ទឹក​ទី​១​។ Rudy ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​គាត់​ពូកែ​ចាប់​ក្លេ ជា​ចំណុច​ដែល​ពួក​យើង​មិន​មាន​ពេល​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​យុទ្ធសាស្ត្រ​របស់​យើង»។«ទោះ​បី​ស៊ីចាន់​រួច​ខ្លួន​​ពី​ការ​វាយ​ប្រហារ​​របស់ Rudy មួយ​លើក​ជា​ពីរ ប៉ុន្តែ​ទី​បំផុត Rudy ឱប​ខ្នង​បាន​ហើយ​ចាប់​រឹតក​បាន​សម្រេច​​​​»។

ONE: CALL TO GREATNESS នៅ​សិង្ហបុរី​មិនមែនជា​ព្រឹត្តិការណ៍​ជោគជ័យ​សម្រាប់​កីឡាករ​កម្ពុជា​ឡើយ ស្រប​ពេល​ គង់ សំបូរ របស់​ក្លិបអាណាចក្រប្រយុទ្ធ បាន​ចាញ់​ពិន្ទុ​ក្នុងការ​ប្រកួត​ប្រដាល់​សេរី ONE Super Series លើក​ទី​​១​របស់​គេ​ទល់​នឹងកីឡាករ​ចិន Zhang Chenglong នៅ​ពីរ​​បី​គូ​បន្ទាប់​មក​ទៀត​​។ថ្វី​បើ​កីឡាករ​កម្ពុជា​និង​ក្រុម​របស់​ពួក​គេ​ខក​ចិត្ត​ចំពោះ​លទ្ធផល ប៉ុន្តែ​ពួក​គេ​​មិន​បាក់​ទឹក​ចិត្ត​ឡើយ ផ្ទុយ​ទៅ​វិញ​ពួកគេ​បាន​បង្ហាញ​ទស្សនៈ​​វិជ្ជមាន​ចំពោះ​អនាគត​ក្បាច់​គុន​កម្ពុជា​។ជាក់​ស្ដែង លោក Mccune លើក​ឡើង​ថា​៖ «ពួក​យើង​នឹង​ត្រលប់​ទៅ​ហ្វឹកហាត់​វិញ ហើយ​ពួក​យើង​នឹង​ព្យាយាម​​​រក​ការ​ប្រកួត​បន្ថែមសម្រាប់​ស៊ីចាន់​។មួយ​ឆ្នាំ​វាយ​ម្ដង​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ឱ្យ​គាត់​អភិវឌ្ឍ​សមត្ថភាព។ ភាព​ស្រស់ស្អាត​របស់ ONE Championship គឺ​នៅ​ត្រង់​ថា​អ្នក​មាន​ឱកាស​ដើម្បី​ល្បង​សមត្ថភាព​ខ្លួន​ឯង​ជា​ច្រើន​លើក​ដើម្បី​ក្លាយ​ជា​ជើងឯក»។«ខ្ញុំ​បាន​ជជែក​ជាមួយ ONE Championship អំពី​លទ្ធភាព​សម្រាប់​ស៊ីចាន់​ក្នុង​ការ​វាយ​​ ONE Super Series មិនមែន​ត្រឹម​តែ​វាយ​ MMA មួយ​មុខ​ទេ»។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT