លោក Pep Guardiola យល់ឃើញថា វាមិនមែនជារឿងធម្មតាទេ ដែល Zidane សម្រេចចាកចេញពី Real Madrid ទាំងជោគជ័យខ្លាំងដូច្នេះ។
Pep និយាយថា ប្រសិនបើដឹកនាំមិនជោគជ័យ អ្នកចាត់ការដើរចេញវាគឺជារឿងធម្មតាទៅហើយ។ ដោយឡែកករណីរបស់ Zidane ដឹកនាំក្រុមឈ្នះពាន UEFA Champions League ៣រដូវកាលជាប់គ្នាហើយ បែរជាសម្រេចចិត្តចាកចេញទៀតនោះ វាគឺជារឿងមិនធម្មតាទេ។ អ្នកគ្រប់គ្នា ពិតជាពិបាកយល់ចំពោះការចាកចេញមួយនេះណាស់។
លោក Zidane ចាកចេញពី Real ក្រោមហេតុផលថាលោកចង់ឃើញអ្នកថ្មីមកដឹកនាំក្រុម និងជួយឱ្យអធិរាជស បន្ដឈ្នះពានរង្វាន់ជាច្រើនថែមទៀត។ ស្របពេលដែលការចាកចេញនោះ ត្រូវបានលោក Perez ប្រធានក្លឹបភ្ញាក់ផ្អើលជាខ្លាំង ត្បិតអីក្លឹបមិនមានគម្រោងបណ្ដេញអ្នកចាត់ការចេញឡើយ។
ទាក់ទងទៅនឹងរឿងខាងលើនេះដែរ លោក Pep អតីតអ្នកចាត់ការក្រុម Barcelona ក៏បានបន្ថែមបន្តិចទៀតថា៖ “គាត់បានធ្វើឱ្យគ្រប់គ្នា អ្នកចាត់ការទាំងអស់ កោតសរសើរខ្លាំងណាស់។ នេះជាទំនួលខុសត្រូវមួយ ហើយ Zidane ចាកចេញពិតជាមិនមានពាក់ព័ន្ធជាមួយក្លឹបឡើយ ពោលគឺគាត់ចង់ផ្សេងរកអ្វីដែលថ្មី ដូចករណីរបស់លោក Luis Enrique ចាកចេញពី Barcelona ដែរ”៕ប្រភព៖ MARCA