លោក Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហម Manchester United ចង់ឱ្យគ្រូតា Sir Alex Fugerson មកជួបកូនក្រុម ដើម្បីណែនាំនិងផ្ដល់កម្លាំងយកឈ្នះ Liverpool ។
United នឹងទទួលភ្ញៀវ Liverpool នៅថ្ងៃអាទិត្យស្អែកនេះ ក្នុងការប្រកួតលីគកំពូលអង់គ្លេស។ នេះជាប្រកួតសំខាន់មួយសម្រាប់ក្រុមទាំងពីរ ត្បិតអីពួកគេក៏ជាដៃគូស៊ីសាច់ហុតឈាមគ្នាផងដែរ។ លោក Solskjaer ដែលជាអតីតខ្សែប្រយុទ្ធមួយរូបធ្លាប់ស៊ុតចូលក្រុមហង្សក្រហមក្រោមការដឹកនាំរបស់ Sir Alex នោះ ចង់អញ្ជើញអតីតគ្រូរបស់ខ្លួនមកម្ដងទៀត មុនការប្រកួតឈានមកដល់ដើម្បីផ្ដល់ដំបូន្មានល្អៗដល់កូនក្រុមរបស់ខ្លួន។
អ្នកចាត់ការដែលដឹកនាំក្រុមបន្ទាប់ពីលោក Jose Mourinho ខាងលើនេះបាននិយាយដូច្នេះថា៖ “យើងដឹងថានេះជាប្រកួតធំសម្រាប់ក្រុម Manchester United សម្រាប់បុគ្គលិកនិងអ្នកគាំទ្ររបស់យើង។ យើងចង់កសាងក្រុមមួយនេះឱ្យក្លាយទៅជាក្រុមខ្លាំងមួយក្នុងប្រវត្តិសាស្ត្រ ហើយជំហានដំបូងគឺយើងត្រូវយកឈ្នះប្រកួតនេះឱ្យបាន។ លោក Ferguson នឹងត្រូវស្វាគមន៍ ដើម្បីមកផ្ដល់ដំបូន្មានល្អៗសម្រាប់ក្រុមយើង”៕ប្រភព៖ Dailymail