ក្រុម Atletico Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវJuventus នៅម៉ោង៣រំលងអាធ្រាត្រនេះ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១។មុនការប្រកួតនេះចាប់ផ្ដើម លោក Diego Simeone អ្នកចាត់ការក្រុម Atletico Madrid បាននិយាយថា៖“ប៉ះក្រុមល្អដូច Juventus គឺជាឱកាសសម្រាប់យើងពង្រឹងខ្លួនបន្ថែម។ ពួកគេមានអ្នកចាត់ការល្អម្នាក់ ហើយទើបតែបានកីឡាករកំពូលលើលោកថែមទៀត។ នេះជាការប្រកួតដ៏ស្វិតស្វាញមួយ”។ដោយឡែកសម្រាប់លោក Massimiliano Allegri អ្នកចាត់ការក្រុម Juventus បាននិយាយដែរថា៖ “រាល់ឆ្នាំយើងតែងតែប៉ះក្រុមខ្លាំងនៅវគ្គនេះ ហើយយើងតែងតែលេងដោយទំនុកចិត្តដើម្បីឡើងទៅវគ្គ។ AT Madrid ជាក្រុមខ្លាំងមួយ ពួកគេលេងបានយ៉ាងល្អក្នុងការប្រកួតធំៗ។ ប៉ុន្តែប្រកួតនេះខ្ញុំមិននិយាយថាស្មើឡើយ ខ្ញុំនឹងនិយាយថាយើងត្រូវការគ្រាប់បាល់ជាចាំបាច់”។
ចំពោះកីឡាកររបួសវិញ ខាងម្ចាស់ផ្ទះ AT Madrid មានតែកីឡាករ Hernández ម្នាក់គត់ដែលអវត្តមាន ព្រោះរូបគេរងរបួសជង្គង់។ ក្រៅពីនោះសុទ្ធតែអាចចូលលេងបានទាំងអស់។ ដូច្នេះជម្រើស១១នាក់ដំបូងនៅរាត្រីនេះអាចជា Oblak; Arias, Giménez, Godín, Filipe Luís; Ñíguez, Koke, Rodri, Lemar; Morata, Griezmann។ សម្រាប់ខាងក្រុម Juventus មានកីឡាករ២នាក់មិនបានលេងគឺ Khedira បញ្ហាបេះដូង និង Costa របួសភ្លៅ។ ជម្រើស១១នាក់ដំបូងរបស់ក្រុមនេះអាចជា Szczęsny; Cancelo, Bonucci, Chiellini, Alex Sandro; Betancur, Pjanić, Matuidi; Dybala, Mandžukić, Ronaldo។
អ្វីដែលអ្នកគាំទ្រត្រូវតាមដាន៖
. AT Madrid និង Juventus សុទ្ធតែធ្លាប់បរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នានៅ UCL នេះ
. កាលពីឆ្នាំ ២០១៤ ក្រុមទាំងពីរនេះធ្លាប់ជួបគ្នាម្ដងហើយ ដោយគ្រានោះ AT Madrid ទម្លាក់ Juventus ដោយជើងទី១ នៅទឹកដី AT ឈ្នះ ១-០ និងស្មើនៅទឹកដី Juventus ០-០។
. Ronaldo នឹងប៉ះក្រុម AT Madrid ជាថ្មីម្ដងទៀត ខណៈដែលរូបគេកាលលេងឱ្យ Real Madrid ធ្លាប់ប៉ះក្រុមនេះ៣១ដង រកបាន២២គ្រាប់៕
ប្រភព៖ Skysports