‘ខុន ស៊ីចាន់ ប្រាប់ថាប្រកួតនៅសិង្ហបុរីថ្ងៃសុក្រនេះអត់ខ្លាចទេ ទោះគេខ្លាំង MMA ជាងក៏ដោយ

 កីឡាករប្រដាល់កម្ពុជា ខុន ស៊ីចាន់ តាំងចិត្តថានឹងបញ្ចេញឲ្យអស់ថ្វីដៃសម្រាប់ការប្រកួតថ្ងៃសុក្រ ទី២២ ខែកុម្ភះ ដែលធ្វើនៅប្រទេសសិង្ហបុរី ខាងមុខនេះ។

ជើងឯកកម្ពុជា Khmer Warrior Challenge (KWC) នឹងត្រូវជួបជាមួយគូប្រកួតឥណ្ឌូនេស៊ី Rudy Agustian ក្នុងការប្រកួតគុនចម្រុះនៃព្រឹត្តិការណ៍ ONE: CALL TO GREATNESS

ថ្វីបើនេះ ខុន ស៊ីចាន់ មិនបានឡើងប្រកួតក្នុងទ្រុងអស់រយៈពេលជាង១ឆ្នាំទៅហើយ គាត់នៅមានស្មារតីល្អ ហើយរឹតតែមានទំនុកចិត្តខ្ពស់ ដោយសារបានហ្វឹកហាត់ត្រៀមជាមួយគ្រូបង្វឹកជំនាញៗ ក៏ដូចជាជាមួយកីឡាករលំដាប់ខ្ពស់របស់កម្ពុជាផងដែរ។

ស៊ីចាន់ ប្រាប់មុនពេលទៅប្រកួតថា៖ «ជិតដល់ថ្ងៃទៅប្រកួតនៅសិង្ហបុរី ខ្ញុំត្រៀមខ្លួនអស់ហើយ ទាំងការហាត់បច្ចេកទេស និងកម្លាំងទាំងអស់។ ខ្ញុំត្រៀមខ្លួនប្រឹងឲ្យអស់ពីសមត្ថភាព អត់ខ្លាចគេទេ»។

ស៊ីចាន់ ជាអ្នកស្រុកមកពីខេត្តឧត្តមានជ័យ ប៉ុន្តែគាត់មកជុំរុំហ្វឹកហាត់ប្រដាល់ភាគច្រើននៅរាជធានីភ្នំពេញ ដើម្បីមកហាត់រៀនជាមួយគ្រូបង្វឹកជនជាតិស្កត់ឡែនលោក Alan Mccune។

គាត់ ប្រាប់ពីក្បាច់ទប់ទល់ភាគីឥណ្ឌូនេស៊ី៖ «រាល់ថ្ងៃ ខ្ញុំខំហាត់ខ្លាំងជាងគេគឺក្បាច់សេរី ខ្ញុំចេះច្រើនហើយ តែប៉ះគូវាយលើកនេះគឺគេល្អ MMA អីចឹងខ្ញុំហាត់MMAការពារហើយ គឺខ្ញុំនឹងវាយសេរីច្រើនជាង ដើម្បីកុំឲ្យគេចូលប្រើក្បាច់MMAបាន»។

ពីក្រោយការហាត់រៀនបន្ថែមពីលើក្បាច់ចាប់ក្លេរ គឺមានលោក Fernando Salvador

គ្រូបង្វឹកម្នាក់ទៀតដែលមានប្រវត្តិជាជើងខ្លាំង ជីជីតស៊ូ ខ្សែក្រវាត់ខ្មៅម្នាក់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ គាត់មានបទពិសោធន៍ជាគ្រូបង្វឹកក្បាច់ក្លេរជិត ៣០ឆ្នាំមកហើយ។

ក្រៅពីនោះ ស៊ីចាន់ បានកម្លាំងចិត្តខ្លាំងថែមទៀត ព្រោះទើបទទួលបានសមាជិកកូនប្រុសទើបកើតម្នាក់ទៀតក្នុងគ្រួសារ។

«ឥឡូវកូនពីរហើយ អីចឹងខ្ញុំត្រូវទៅវាយដើម្បីយកប្រាក់មកចិញ្ចឹមប្រពន្ធកូន ព្រោះប្រភពចំណូលបានតែតាមហ្នឹងទេ! នៅពេលដែលខ្ញុំចេញវាយ ប្រពន្ធខ្ញុំជម្រុញឲ្យខ្ញុំខំវាយរហូត»។

រីឯAgustian ជាគូប្រកួតមកពីឥណ្ឌូនេស៊ីវិញមកដល់សព្វថ្ងៃមានប្រវត្តិឈ្នះ២ដងជាប់គ្នា នៅក្នុងទ្រុងធំ ONE Championship ទោះយ៉ាងនោះក្តី ស៊ីចាន់ មិនព្រួយបារម្ភថាគេមានប្រៀបជាងឡើយ។

ផ្ទុយទៅវិញ គាត់ស្វាគមន៍ជានិច្ច ហើយចាត់ទុកថានេះជាឱកាសល្អមួយដើម្បីបង្ហាញពិភពលោកពីភាពខ្លាំងខ្លារបស់ក្បាច់គុនបុរាណខ្មែរ។

ស៊ីចាន់ បន្ត៖ «ខ្ញុំធ្លាប់វាយបានច្រើនដងដែរ គ្រាន់តែលើកនេះប៉ះដៃគូខ្លាំងដែរ ប៉ុន្តែខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីទេ គឺខ្ញុំគិតថាឡើងទៅប្រឹងឲ្យអស់ពីសមត្ថភាពតែម្តង!»

ការប្រកួតរវាង ស៊ីចាន់ និង Agustian នឹងចាប់ផ្តើមក្នុងព្រឹត្តិការណ៍នាល្ងាចនោះក្នុងតារាងគូប្រកួតសំខាន់ បន្ទាប់ពីនោះ នឹងមានកីឡាករចំនូលថ្មីម្នាក់ទៀតគឺ គង់ សំបូរ មកពីក្លឹប «អាណាចក្រប្រយុទ្ធ»។ ពីររូបនេះ នឹងបញ្ចេញស្នាដៃប្រកួតតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ការប្រកួតដ៏សំខាន់នេះកាន់តែខិតជិតមកដល់ហើយ ដូច្នេះ គង់ ស៊ីចាន់ មិនមានអ្វីក្រៅពីពាក្យពេជ្យសំណូមពរដល់អ្នកស្នេហាគាំទ្រនៅកម្ពុជាទាំងអស់ថា៖

«សូមឲ្យបងប្អូនជួយគាំទ្រកីឡាករប្រកួតទៅក្រៅស្រុក ចាញ់ឈ្នះសូមកុំថាឬស្តីបន្ទោសយើងអី! កីឡាតែងតែមានឈ្នះមានចាញ់! សូមបងប្អូនជួយឲ្យពរជ័យដល់ការប្រកួតលើកនេះផង»

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT