ក្រុមអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុម Chelsea ចង់បានអ្នកចាត់ការថ្មីមកដឹកនាំក្រុម ជំនួសតំណែងលោក Sarri ដែលកំពុងជួបវិបត្តិមិនអាចលើកទឹកចិត្តដល់កីឡាករបាន។ក្រោយពីចាញ់ Man Utd នៅដីខ្លួនឯងយប់មិញ កៅអីរបស់អតីតអ្នកចាត់ការ Napoli នេះ កាន់តែឡើងកម្ដៅហើយ។ ជាពិសេសគឺបណ្ដាក្រុមអ្នកគាំទ្រផ្ទាល់តែម្ដង ចង់ឃើញការផ្លាស់ប្ដូរអ្នកចាត់ការ ក្រោយពីពួកគេពិបាកយល់ចំពោះបច្ចេកទេសដឹកនាំក្រុមតាមរបៀប Sarri-Ball នេះ។ ពួកគេសង្កេតឃើញថា២០ប្រកួតមកហើយ ដែលលោក Sarri បានផ្លាស់ប្ដូរខ្សែបម្រើកណ្ដាលចេញ ស្របពេលដែលកីឡាករនោះកំពុងលេងល្អ ដោយជំនួសវិញខ្សែបម្រើដែលមិនអាចចែកបាល់ទៅមុខបាន។
កត្តានេះហើយ បានជាធ្វើឱ្យអ្នកគាំទ្រស្រែកមិនយល់ពីការដឹកនាំក្រុមរបស់អ្នកចាត់ការនេះទេ។ ពួកគេចង់បានអ្នកចាត់ការថ្មី ហើយម្នាក់នោះគឺ Frank Lampard ដែលជាវីរបុរសរបស់ក្រុមនេះតែម្ដង។ ឆ្លើយតបជាមួយអ្នកគាំទ្រដែលកំពុងរិះគន់មិនសំចៃមាត់នេះ លោក Sarri បានឆ្លើយថាមិនចាប់អារម្មណ៍ចំពោះសម្ដីទាំងនោះឡើយ អ្វីដែលលោកគិតគឺលទ្ធផលប្រកួតចាញ់ ឈ្នះតែប៉ុណ្ណោះ។ក្រោយពីប្រកួតនេះទៅ ក្រុមតោខៀវ Chelsea នឹងប៉ះក្រុម Malmo FF ជើងទី២ពានរង្វាន់ Europa League ដោយកាលពីជើងទី១កន្លងទៅ ពួកគេយកឈ្នះ ២-១ រួចហើយ។ ក្រោយពីចប់ Europa League ក្រុម Chelsea ក៏មានប្រកួតផ្ដាច់ព្រ័ត្រ១ទៀត គឺប៉ះក្រុម Man City ក្នុងពានរង្វាន់ League Cup ៕
ប្រភព៖ DailyMail