ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកាសរំសាយការប្រកួតមិត្តភាពរបស់ខ្លួនជាមួយក្រុមអ៊ីស្រាអែល នៅទីក្រុង Jerusalem ហើយ បន្ទាប់ពីខាងប៉ាឡេស្ទីន គំរាមច្រើនពេក។
ការបញ្ជាក់នេះ គឺចេញពីខ្សែប្រយុទ្ធ Higuain បានប្រាប់ទៅខាងវិបសាយ ESPN ពីការរំសាយការប្រកួតនេះ។ កីឡាករលេងនៅក្លឹប Juventus រូបនេះបានបន្ថែមថា៖ “ការប្រកួតនេះ បានធ្វើឱ្យឡើងកម្ដៅផ្នែកនយោបាយ។ ដូច្នេះការរំសាយការប្រកួតមិត្តភាពនេះគឺជារឿងត្រឹមត្រូវបំផុត”។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu របស់អ៊ីស្រាអែល បានទូរសព្ទទៅខាងលោក Mauricio Macri ប្រធានាធិបតីអាហ្សង់ទីន ដើម្បីកុំឱ្យរំសាយការប្រកួតនេះដែរ ប៉ុន្តែលទ្ធផលមិនមានខាងណាដឹងច្បាស់នោះទេ។ ការប្រកួតមិត្តភាពអន្តរជាតិនេះដែរ ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ក្រុមអ្នកស្រលាញ់បាល់ទាត់នៅអ៊ីស្រាអែល ដើម្បីបានជួបមុខតារាឆ្នើម Lionel Messi ។
យ៉ាងណាមិញ ទន្ទឹមនឹងប្រជាប្រិយភាពនេះដែរ ខាងប៉ាឡេស្ទីនក៏បានចោទទៅខាងអ៊ីស្រាអែល ថាយកការប្រកួតនេះ ដើម្បីធ្វើនយោបាយឱ្យអន្តរជាតិទទួលស្គាល់ក្រុង Jerusalem ជារបស់អ៊ីស្រាអែល ពិតប្រាកដ។ ប៉ាឡេស្ទីន បានគំរាមទៀតថា ប្រសិនបើមានការប្រកួតនោះកើតឡើងមែន បាតុកម្មទ្រង់ទ្រាយធំនឹងកើតឡើង ហើយអ្នកគាំទ្រនៅប៉ាឡេស្ទីន នឹងដុតរូប Messi ចោលជាក់ជាមិនខាន។
ក្រោយពីមានការរំសាយចោលទៅ តាមការទាមទាររបស់ខាងប៉ាឡេស្ទីននោះ ប្រជាជនប៉ាឡេស្ទីនទាំងអស់នៅតំបន់កាហ្សា បាននាំគ្នាអរគុណដល់អាហ្សង់ទីនវិញ ដែលព្រមរំសាយការប្រកួតនេះ ដើម្បីឱ្យកម្ដៅនយោបាយរវាងប្រទេសទាំងពីរថមថយវិញ៕ប្រភព៖ DailyMail