Loris Karius អ្នកចាំទីក្រុម Liverpool បានបញ្ជាក់ថារូបគេបានបាត់បង់ស្មារតី ក្នុងការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីប៉ះគ្នាជាមួយខ្សែការពារ Sergio Ramos ។
ដោយសារតែការនិយាយបែបនេះ អ្នកចាំទី Thibaut Courtois របស់ក្រុម Chelsea ក៏មានចម្ងល់ចំពោះរឿងមួយដែរ ត្បិតអីរូបគេរកឃើញចំណុចប្លែកមួយ។ Courtois បានបញ្ជាក់ថា ប្រសិនបើ Karius បាត់បង់ស្មារតីមែន តើហេតុអ្វីបានជាគេ អាចសង្គ្រោះបាល់គ្រោះថ្នាក់បាន២គ្រាប់ល្អម្ល៉េះ? ដោយបាល់២គ្រាប់នោះ ប្រសិនបើអ្នកចាំទីល្មមៗ ប្រហែលជាមិនអាចហក់ដឹងខ្យល់បាល់ឡើយ។
អ្នកចាំទីជម្រើសជាតិបែលហ្សិករូបនេះបាននិយាយដូច្នេះទៀតថា៖ “រឿងអីចឹងបានកើតឡើងចំពោះខ្ញុំដែរ កាលប៉ះ Alexis Sanchez ។ ខ្ញុំបាត់បង់ស្មារតីមើលបាល់មិនឃើញ ដូច្នេះ២០នាទីក្រោយ ខ្ញុំក៏ដូរចេញតែម្ដង។ ដូច្នេះតើវាជាសំណាងមែនទេ ដែលគេអាចសង្គ្រោះបាល់បាន២គ្រាប់នោះ ដោយរូបគេមើលមិនឃើញបាល់នោះ? ”។
កំហុស២គ្រាប់របស់ Karius បានធ្វើឱ្យក្រុម Liverpool បរាជ័យនៅ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដោយចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ៣-១៕ប្រភព៖ DailyMail