ឡៅ ចិត្រា ថាគ្មានថ្ងៃនេះទេ បើគ្មានបងប្រុសទាំងពីរជ្រោមជ្រែង

តារាគុនខ្មែរ ឡៅ ចិត្រា ក្នុងពេលបន្តិចទៀតបោះជំហានខ្ពស់ក្នុងអាជីពមួយជំហានទៀត ធ្វើដូច្នោះបាន គាត់ក៏ត្រូវមានការគាំទ្រពីគ្រួសារដែរបូកផ្សំផងដែរ។ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ចិត្រា ត្រូវប៉ះ Superlek Kiatmoo9 ជើងខ្លាំងល្បីឈ្មោះរបស់ថៃ ក្នុងឆាកប្រយុទ្ធ ONE: CLASH OF LEGENDS ដែលនឹងមានភ្ញៀវទស្សនាកុះករចំកណ្តាលទីក្រុងបាងកក។

ចិត្រា ដើរចូលសង្វៀនធំខាងមុខនេះ នឹងមានបងប្រុសធំទៅជាមួយសម្រាប់ឲ្យទឹក និងចាំផ្តល់កម្លាំងចិត្តពីក្រោយ។ចិត្រា ពន្យល់ពីទំនាក់ទំនងបងប្អូន៖ «បងចន្ទ្រា និងបងធំ(ស៊ីណាត) ពួកគាត់ចាំជួយខ្ញុំរហូតពេលខ្ញុំមានបញ្ហា ឬមានការអី។ មិនមែនតែខាងប្រដាល់មួយទេ និយាយទៅគ្រប់បែបយ៉ាងទាំងអស់»។

ត្បិតតែមានបងប្រុសជាអ្នកប្រដាល់ល្បីឈ្មោះស្រាប់មែន ប៉ុន្តែចិត្រា ដែលជាកូនប្រុសពៅនៅក្នុងគ្រួសារប្រាប់ថាបងប្រុសមិនបានដាក់សម្ពាធឲ្យខ្លួនចាប់យកអាជីពដូចគ្នានេះទេ។ចិត្រា មានស្រុកកំណើត និងសិក្សានៅខេត្តកំពង់ស្ពឺ។ ទោះនៅតូចក្រូចឆ្មាក្តី គាត់តែងតែមានចិត្តចង់ឡើងសង្វៀនប្រកួតជានិច្ច។

«អត់មាននរណាដាក់ខ្ញុំឲ្យចូលអាជីពហ្នឹងទេ គឺខ្ញុំស្រលាញ់វាខ្លួនឯងតាំងពីក្មេងម្ល៉េះ! ខ្ញុំចូលចិត្តប្រដាល់ខ្លាំង ពេលបងស៊ីណាត គាត់ចាប់ផ្តើមឡើងវាយ ខ្ទង់១៥ឆ្នាំមុន! កាលនៅតូចចូលចិត្តវាយគ្នារហូត ប៉ុន្តែវាយអត់ដែលឈ្នះគេទេ គេវាយយំរហូត»។

គួររំលឹកផងដែរថា ពេលចិត្រា ចាប់ផ្តើមឡើងប្រកួតអាជីពដំបូងៗ គាត់ត្រូវគេវាយសន្លប់យ៉ាងធ្ងន់ធ្ងរ ជាហេតុបង្ខំឲ្យគាត់ពិចារណាឡើងវិញពីជម្រើសអនាគតដែលគាត់កំពុងដើរនេះ។

«កាលប្រកួតលើកទី៧ ខ្ញុំបែកប្រហែល ១១ថ្នេរ! ខ្ញុំសន្លប់តាំងពីនៅឆាកភ្នំពេញដឹកដល់កំពង់ស្ពឺអត់ទាន់ដឹងខ្លួនផង។ បងស្រី និងម៉ាក់ថាឲ្យឈប់ទៅ ប៉ុន្តែខ្ញុំថាវាយដល់កម្រិតហ្នឹងហើយ ឲ្យឈប់មិចបាន! ជ្រុលវាយហើយ វាយឲ្យដល់ត្រើយ!»។

ធ្វើជាប្អូនពៅគេ ចិត្រា ទទួលបានការជួយជ្រំជ្រែងពេញទំហឹងពីបងប្រុសស៊ីណាត និងបងចន្រ្ទា។ បងប្រុសទាំងពីរសុទ្ធតែជាអ្នកប្រដាល់ទាំងអស់ ប៉ុន្តែមានតែចិត្រាទេ បានឧកាសបញ្ចេញស្នាដៃមុនគេលើសង្វៀនពិភពលោកធំជាងគេដើម្បីតំណាងប្រទេសកម្ពុជា។

ថ្វីបើពីមុន ទាំងបងស្រី និងម្តាយ មិនសប្បាយចិត្ត ហើយមិនអនុញ្ញាតឲ្យគាត់ចូលហាត់ប្រដាល់អាជីពក៏ពិតមែន សព្វថ្ងៃគាត់ប្រាប់ថាគ្រប់យ៉ាងបានប្រសើរជាងមុនបន្តិចហើយ។

ថ្ងៃសៅរ៍ ទី១៦ ខាងមុខនេះ អ្នកលេងគុនខ្មែរនឹងដើរចូលក្នុងទ្រុង ONE Championship ម្តងទៀត យ៉ាងណាក៏ដោយគាត់មិនភ្លេចរំលឹកគុណដល់អ្នកជួយជ្រំជ្រែងគាត់ឲ្យបានជោគជ័យដល់សព្វថ្ងៃនេះដែរ។

«បងទាំងពីរនាក់គឺសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ! ពួកគាត់ជួយច្រើនមែនទែន ខ្ញុំគ្មានថ្ងៃហ្នឹងទេ បើអត់មានគាត់»។

អត្ថបទ៖ Matias Andres

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT