លោក Solari អ្នកចាត់ការក្រុម Real Madrid រំពឹងថាខ្សែប្រយុទ្ធ Lionel Messi នឹងអាចចូលលេងបានក្នុងជំនួប El Clasico នៅរាត្រីនេះ នាពានរង្វាន់ Copa del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១។
Messi បានរងរបួសអំឡុងពេលលេងទល់ក្រុម Valencia នាពានរង្វាន់ La Liga កន្លងទៅ។ របួសនោះបានធ្វើឱ្យរូបគេអវត្តមានហ្វឹកហាត់ជាមួយក្រុមប៉ុន្មានថ្ងៃ ប៉ុន្តែនៅម្សិលមិញនេះ ក៏ចាប់ផ្ដើមចូលហាត់បានវិញដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម Barcelona ក៏បានដាក់ឈ្មោះរូបគេដើម្បីត្រៀមតទល់ជាមួយ Real Madrid នៅទឹកដី Camp Nou ដូចគ្នា។ យ៉ាងណាមិញ គេមិនប្រាកដថា Messi អាចចូលលេងជម្រើសដំបូង ឬអង្គុយកៅអីបម្រុងឡើយ។
ជាមួយការមិនច្បាស់នេះដែរ លោក Solari អ្នកចាត់ការក្រុម Real Madrid ពិតជាចង់ឃើញ Messi ចូលលេងឱ្យ Barcelona ណាស់។ លោកបញ្ជាក់ទោះជាមានឬគ្មានវត្តមានរបស់ Messi ក៏មិនប៉ះពាល់ដល់ទម្រង់ក្រុមអធិរាជស ដើម្បីតតាំងជាមួយក្រុមអ្នកមានបុណ្យដែរ ប៉ុន្តែបើអាចមាន Messi នោះការប្រកួតនឹងកាន់តែល្អមើល៕ប្រភព៖ Standard