លឺថាអ្នកចាត់ការទ័ព ដកខ្លួនលែងឧបត្ថម្ភក្រុម ខណៈសមាជិកមួយចំនួនប្រកាសចង់ដើរចេញ

ដំណឹងលេចលឺដ៏គួរឲ្យភ្ញាក់ផ្អើលគឺអ្នកចាត់ការទ័ពលោក ខូវ ឆាយ ដែលរ៉ាប់រងចំណាយប្រាក់ខែមួយភាគធំ បន្ថែមលើប្រាក់ខែរដ្ឋដល់សមាជិក នឹងដកខ្លួនចេញលែងឧបត្ថម្ភដល់ក្រុម ខណៈកីឡាករមួយចំនួន រួមទាំងគ្រូបង្វឹកផង សុទ្ធតែបង្ហោះសារប្លែកៗបង្ហាញពីការបែកគ្នាលើបណ្តាញសង្គម។

កន្លងមក អ្នកចាត់ការរូបនេះបានចំណាយខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ ដើម្បីជ្រោមជ្រែងក្រសួងការពារជាតិឲ្យខ្លាំង រហូតឈ្នះពានហ៊ុនសែនខាប់ឆ្នាំ២០១៨ និងបានជើងឯករងនៅឆ្នាំ២០១៧។ នៅមុនបើករដូវកាល២០១៩នេះ គេពុំឃើញទ័ពមានសកម្មភាពច្រើនឡើយ រាប់តាំងពីការតេស្តិ៍កីឡាករថ្មី។ បន្ថែមលើនេះ ពួកគេក៏បរាជ័យក្នុងការចចារយកកីឡាករកូរ៉េខាងជើង មកចូលរួមថែមទៀត។

នៅប៉ុន្មានថ្ងៃនេះ គេឃើញ ឈិន ឈឿន ថោង ឧត្តម អ៊ុព កាម៉ុល និងគ្រូបង្វឹក ភា សុភក្ត្រា បង្ហាញអារម្មណ៍សោកស្តាយនៅលើបណ្តាញសង្គម សំដៅលើការបែកគ្នា ស្របពេល ឈិន ឈឿន ទម្លាយថា ជីវភាពបច្ចុប្បន្នមិនអាចឲ្យគ្រួសាររស់ស្រួល។

គួរបញ្ជាក់ថា ក្លិបក្រសួងការពារជាតិ ទទួលបានការវិនិយោគរួមគ្នាពីរដ្ឋ និងលោក ខូវ ឆាយ ក្នុងការចូលរួមប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ដែលមួយឆ្នាំអាចចន្លោះពី ២០ម៉ឺនដុល្លារ ដល់៤០ម៉ឺនដុល្លារ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT