• Van Dijk ៖ បញ្ហា​ខ្សែ​ការពារ ​កំពុង​ធ្វើ​ឱ្យ Liverpool ​ខាត​ពិន្ទុ​ច្រើន​

    ខ្សែ​ការពារ Van Dijk ​បាន​សង្កត់​ធ្ងន់​ថា ​បញ្ហា​របួស​ខ្សែ​ការពារ​ច្រើន​នាក់ ​កំពុង​តែ​ធ្វើ​ឱ្យ​ក្រុម Liverpool ​ខាត​ពិន្ទុ​ច្រើន​មែនទែន​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។

    ក្រុមហង្ស​ក្រហម ​លេង​បាន​ត្រឹម​ស្មើ​ក្រុម West Ham ​១-១ ​ប៉ុណ្ណោះ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ។ ​ក្នុង​នោះ​ដែរ ​វា​ក៏​បាន​បន្ថយ​គំលាត​ពិន្ទុ​របស់​ក្រុម Liverpool ​មក​នៅ​ត្រឹម​៣​ពិន្ទុ​ពី​ក្រុម Manchester City ​ប៉ុណ្ណោះ។ ប្រសិន​ណា​បើ​ភ្លាត​តែ​ចាញ់​១​ប្រកួត​ទៀត ​នោះ​ក្រុម Liverpool ​ប្រឈម​នឹង​អត់​ពាន​រង្វាន់​កាន់​តែ​ខ្លាំង​មែនទែន​ហើយ។

    ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​បំផុត​របស់​ក្រុម Liverpool ​បាន​និយាយ​ចំពោះ​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​៖ “ខ្ញុំ​គិត​ថា​កីឡាករ​ទាំង​អស់​របស់​យើង​សុទ្ធ តែ​មាន​សមត្ថភាព ​ប៉ុន្តែ​នៅ​ពេល​អ្នក​មាន​កីឡាករ​៤​នាក់​នៅ​តំបន់​ការពារ​ហើយ​យល់​ចិត្ត​គ្នា ​នោះ​នឹង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ងាយ​ស្រួល​និង​រឹងមាំ។ យើង​នឹង​ដោះស្រាយ​១​ប្រកួត​ម្ដង ​ហើយ​យើង​ក៏​នៅ​តែ​លេខ​១​ក្នុង​តារាង​ដែរ។ យើង​កំពុង​ស្ថិត​នៅ​កន្លែង​ប្រកួត​ប្រជែង ​ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​រហូត​ចប់​រដូវ​កាល”៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT