UEFA ​ដាក់​ពិន័យ Pep ​១​ប្រកួត រឿង​ត្រូវ​បណ្ដេញ​ចេញ​ពេល​ប៉ះ Liverpool

សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ​សម្រេច​ពិន័យ​អ្នក​ចាត់ការ Pep Guardiola ​១​ប្រកួត ​ចំពោះ​រឿង​ដែល​បង្ក​ហេតុ ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ប្រកួត​ពេល​ប៉ះ Liverpool ។

លោក Pep ​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ដោយសារ​តែ​បង្ហាញ​កាយ​វិការ​មិន​សមរម្យ អំឡុង​ការ​ប្រកួត UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ប៉ះ​ជាមួយ​ក្រុម Liverpool។ បើ​តាម​ការ​សម្រេច​របស់​ UEFA ​ដំបូង​ឡើយ លោក Pep ​ត្រូវ​ជាប់​ពីរ​ប្រកួត ​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ដោយសារ​មាន​ការ​​តវ៉ា​ទើប​សម្រួល​មក​១​ប្រកួត​វិញ។

ត្បិត​តែ​ទទួល​យក​ការ​ពិន័យ​នេះ​មែន ប៉ុន្តែ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​​ខាង​លើ​បាន​និយាយ​ថា​លោក​នឹង​បន្ដ​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​ដូច​ពេល​មុន​ទៀត ​នៅ​ពេល​ណា​ដែល​លោក​ឃើញ​រឿង​អយុត្តិធម៌​កើត​ឡើង​ចំពោះ​កីឡាករ​ខ្លួន។ លោក Pep ​បន្ថែម​ថា​អ្វី​ដែល​ត្រឹមត្រូវ​លោក​នឹង​គាំទ្រ ប៉ុន្តែ​អ្វី​មិន​ត្រឹមត្រូវ​លោក​ក៏​មិន​គាំទ្រ​ដែរ។

រំលឹក​ពី Champions League ​រដូវ​កាល​មុន​នេះ ​ក្រុម Man City ​ធ្លាក់​ដោយសារ​តែ​ថ្វី​ជើង​របស់​ក្រុម Liverpool ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្នុង​លទ្ធផល ៥-១ ​គិត​ទាំង​ពីរ​ជើង៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT