ខ្សែប្រយុទ្ធ Anthony Martial បានយល់ព្រមបន្ដកុងត្រាជាមួយក្រុមបិសាចក្រហម Manchester United ៥ឆ្នាំកន្លះទៀតហើយ ដោយទទួលបានតម្លៃពលកម្ម២សែនផោន ក្នុង១សប្ដាហ៍។
កីឡាករបារាំងរូបនេះ មានដំណឹងថាចង់ចាកចេញពីក្លឹបនេះ ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ ប៉ុន្តែក្រោយពីលោក Ole ចូលកាន់តំណែងមក វត្តមានរបស់គេបានក្លាយជាតួអង្គសំខាន់នៅក្នុងក្រុម ដូច្នេះហើយទើបបានជា Martial សម្រេចបន្ដអាជីពនៅ Old Trafford នេះទៀត ដល់ទៅឆ្នាំ២០២៤។ អតីតកីឡាករ Monaco បាននិយាយក្រោយពីចុះកុងត្រាថ្មីហើយថា៖ “ខ្ញុំស្រលាញ់ពេលវេលាដែលលេងឱ្យក្រុមនេះ។ ចាប់ពីពេលខ្ញុំចូលរួមមក ខ្ញុំមានអារម្មណ៍ដូចកំពុងនៅក្នុងគ្រួសារមួយអីចឹង ហើយមិនចង់ចេញទៅណាទេ”។
កីឡាករវ័យ២៣ឆ្នាំនេះ ចូលលេងឱ្យក្រុមបិសាចក្រហមតាំងពីឆ្នាំ២០១៥មក ហើយគិតមកដល់បច្ចុប្បន្ននេះបង្ហាញខ្លួនលើទីលានបាន១៦១ដង រកគ្រាប់បាល់បាន៤៦គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២៦គ្រាប់ផងដែរ៕ប្រភព៖ Dailymail