លោក អ្នកចាត់ការក្រុម Chelsea បានបង្ហើបថាលោកហាក់ដូចជាមិនអាចលើកទឹកចិត្តកីឡាករបានសោះ ប៉ុន្មានប្រកួតមកនេះ។
Chelsea បរាជ័យធ្ងន់កតែម្ដង ក្នុងការប្រកួតនៅយប់មិញនេះ ដោយចាញ់ក្រុម Bournemouth ដល់ទៅ ៤-០ ឯណោះ។ បរាជ័យធំនេះដែរ បានធ្វើឱ្យអ្នកចាត់ការក្រុមនេះ កំពុងរងសម្ពាធខ្លាំង ត្បិតអីទិញកីឡាករថ្មីចូលច្រើនដែរ ប៉ុន្តែលទ្ធផលមួយរយៈចុងក្រោយមិនល្អទាល់តែសោះ។ កត្ដានេះហើយ បានធ្វើឱ្យអ្នកគាំទ្រដាក់ចម្ងល់ថា តើអ្នកចាត់ការសញ្ជាតិអ៊ីតាលីនេះ សក្ដិសមក្នុងការដឹកនាំក្រុមបន្ដឬយ៉ាងណា?
ជាមួយគ្នានឹងការរិះគន់នេះ លោក Sarri បាននិយាយដូច្នេះថា៖ “ខ្ញុំមិនដឹងពន្យល់យ៉ាងតិចទៀតនោះទេ នៅតង់ទី១យើងធ្វើបានល្អ ប៉ុន្តែចូលដល់តង់ទី២ យើងរបូតគ្រាប់បាល់ស្រួលៗណាស់។ ប្រហែលជាកំហុសខ្ញុំ ព្រោះខ្ញុំមិនអាចលើកទឹកចិត្តកីឡាករបាន ក្រោយគេនាំមុខ។ ខ្ញុំមិនដឹងថាត្រូវនិយាយបែបណានោះទេ នៅពេលឃើញស្ថានភាពបែបនេះ”។
ក្រុម Chelsea ក៏ដូចជាក្រុមដទៃទៀតដែរនៅលីគកំពូលអង់គ្លេស មានកាលវិភាគមមាញឹកខ្លាំងមែនទែន។ ជាក់ស្ដែង ក្រោយពីចាញ់យប់មិញនេះហើយ ក្រុមតោខៀវនឹងត្រូវប្រកួតទៀតហើយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយប៉ះជាមួយក្រុម Huddersfield Town ៕ប្រភព៖ Chelseafclatestnews