Klopp ​ថា​ស្មើ​យប់មិញ ​ក៏​គ្មាន​បញ្ហា​ដែរ​ក្នុង​ការ​លើក​ពាន​

​ក្រុម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Leicester City ​១-១ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ ដែល​ធ្វើ​ឱ្យ​ឱកាស​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២ Man City ​រលាយ​សាបសូន្យ។

Man City ​កាល​ពី​ម្សិលមិញ​នេះ​បាន​បរាជ័យ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Liverpool ​សប្បាយ​ចិត្ត ព្រោះ​បើ​ពួកគេ​ឈ្នះ​យប់មិញ​ទៀត ​នោះ​នឹង​នាំ​មុខ​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​ដល់​ទៅ​៧​ពិន្ទុ​ឯ​ណោះ។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​កាល​ពី​យប់មិញ​នេះ ​ហង្ស​ក្រហម​មិន​អាច​សម្រេច​ក្ដី​ស្រមៃ​បាន​ទេ ​ដោយ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Leicester City ​១-១ ​ប៉ុណ្ណោះ។ ​កត្តា​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Klopp ​នាំ​មុខ​ពិន្ទុ​ក្រុម Man City ​ត្រឹម​តែ​៥​ពិន្ទុ​ទេ។

ត្បិត​តែ​មិន​អាច​នាំ​មុខ​បាន​ច្រើន​ក្ដី ប៉ុន្តែ​លោក Klopp ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះ។ ដោយ​លោក​អះអាង​ថា​ក្ដី​ស្រមៃ​លើក​ពាន​រង្វាន់​របស់​ក្រុម Liverpool ​នៅ​តែ​មាន​ខ្ពស់​ដដែល ព្រោះ​កំពុង​ឈរ​លេខ​១ ​មាន​ពិន្ទុ​នាំ​មុខ​ក្រុម​លេខ​២ ​ដល់​ទៅ​៥​ពិន្ទុ។ អ្វី​ដែល​លោក​ចង់​ឱ្យ​កូន​ក្រុម​ធ្វើ​បន្ដ​ក្រោយ​ពី​ស្មើ​ប្រកួត​យប់មិញ គឺ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ដ​ទៀត ដើម្បី​លេង​ប្រកួត​បន្ទាប់​ឱ្យ​បាន​ល្អ​ជាង​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT