Ole Gunnar Solskjaer បានបញ្ជាក់ថាក្រុម Manchester United មិនមែនចង់បានត្រឹម top4 នៅ Premier League ទេ ប៉ុន្តែពួកគេចង់បានពានរង្វាន់មួយនារដូវកាលនេះ។
បិសាចក្រហមក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ពិតជាធ្វើបានល្អមែនទែន ដោយឆ្លងកាត់៨ប្រកួតមកហើយ មិនទាន់ស្គាល់បរាជ័យម្ដងឡើយ។ ខណៈដែលឱកាសបានជាប់ Top4 នៅលីគកំពូលអង់គ្លេសក៏មានកាន់តែខ្ពស់ហើយដែរ ត្បិតឈរលេខ៦ ប៉ុន្តែចាញ់ពិន្ទុក្រុមលេខ៤ Chelsea តែ៣ពិន្ទុប៉ុណ្ណោះ។
ទន្ទឹមគ្នានេះដែរ អ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហមខាងលើបាននិយាយចំពោះគោលដៅនារដូវកាលនេះថា៖ “នោះមិនមែនជាក្ដីស្រមៃរបស់យើងទេ ត្រឹម Top4 នោះ។ យើងគឺជា Manchester United អ្នកត្រូវតែដាក់គោលដៅលើកពានរង្វាន់ឱ្យបាន។ យើងមិនអាចលើកពាន Premier League បាន ប៉ុន្តែយើងនៅមាន Champions League FA Cup ទៀត។ យើងត្រូវតែសំឡឹងមើលទៅពានរង្វាន់នេះ។ ថាតើយើងអាចឈ្នះពានណាមួយទេនៅរដូវកាលនេះ?”។
ក្រុម Man Utd ឡើងដល់វគ្គ១៦ក្រុមហើយនៅពានរង្វាន់ UEFA Champions League ដោយពួកគេនឹងត្រូវតតាំងជាមួយក្រុម PSG ។ ស្របពេលពានរង្វាន់ FA Cup វិញ ពួកគេឡើងជុំទី៥ ដោយប៉ះជាមួយក្រុម Chelsea ៕ប្រភព៖ Dailymail