ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានបរាជ័យក្រោមថ្វីជើងក្រុមជប៉ុន ៣-០ នាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញនេះ។
ក្រោយពីបរាជ័យក្នុងការប្រកួតនេះហើយ លោក Carlos Queiroz គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់បានសម្រេចចិត្តលាលែងតំណែងតែម្ដង ក្រោយពីដឹកនាំក្រុមនេះបាន៨ឆ្នាំមកហើយ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ដឹកនាំក្រុមអ៊ីរ៉ង់បានយ៉ាងល្អក្នុងពានរង្វាន់ AFC Asian Cup 2019 នេះ ប៉ុន្តែគួរឱ្យសោកស្ដាយពួកគេបានបរាជ័យក្រោមថ្វីជើងជប៉ុន នៅត្រឹមវគ្គ៤ក្រុមចុងក្រោយនេះឯង។
លោក Carlos Queiroz បានបង្ហោះសារអរគុណដល់កីឡាករ និងក្រុមការងារទាំងអស់ដែលបានធ្វើការជាមួយគ្នាអស់រយៈពេល៨ឆ្នាំយ៉ាងជោគជ័យ។ លោកជូនពរ ឱ្យក្រុមជម្រើសជាតិអ៊ីរ៉ង់ជួបតែសំណាងល្អក្នុងការប្រកួតខាងមុខទៀត។ បុរសវ័យ៦៥ឆ្នាំរូបនេះ កំពុងត្រូវបានក្រុមជម្រើសជាតិកូឡុំប៊ីចាប់អារម្មណ៍យកទៅដឹកនាំក្រុម ក្រោយពីការប្រកាសចាកចេញពីអ៊ីរ៉ង់នេះ៕