ខ្សែប្រយុទ្ធ Alvaro Morata បានជាប់ក្នុងការធ្វើតេស្ដសុខភាព ដើម្បីផ្ទេរទៅលេងឱ្យក្រុម Atletico Madrid ហើយ កាលពីម្សិលមិញនេះ។
Morata ជាកីឡាករ Chelsea ទិញពីក្រុម Real Madrid ក្នុងតម្លៃខ្លួន៧០លានផោន កាលពីឆ្នាំ២០១៧កន្លងទៅ។ ដោយសារតែទម្រង់លេងមិនល្អ មិនត្រូវចិត្តលោក Sarri ទើបធ្វើឱ្យរូបគេត្រូវបានក្លឹប Atletico Madrid សម្រេចខ្ចីជើងរហូតដល់១៨ខែ ក្នុងតម្លៃ៩លានផោន។ ក្នុងការបានទៅលេងនៅក្លឹបដែលខ្លួនស្រលាញ់តាំងពីតូចនេះដែរ Morata បានបញ្ជាក់ថាក្ដីស្រមៃរបស់ខ្លួន ក្លាយជាការពិតហើយ។
“គ្រប់យ៉ាងបានដំណើរការយ៉ាងល្អ អរគុណដល់ព្រះដែលបានជួយដល់ខ្ញុំ។ ខ្ញុំតែងតែស្រមៃថានឹងមានថ្ងៃណាមួយខ្ញុំអាចមកលេងនៅក្លឹបនេះបាន។ នេះជាក្លឹបដែលខ្ញុំធ្លាប់លេងឱ្យកាលពីក្មេង ហើយវាជាក្ដីស្រមៃរបស់ខ្ញុំក្នុងការបានមកជួយក្រុមនេះ”។ សម្ដីអតីតកីឡាករ Real Madrid ។
នៅក្លឹប Chelsea រូបគេចូលលេងបាន៧២ប្រកួត និងរកគ្រាប់បាល់បាន២៤គ្រាប់ដែរ អំឡុងពេលលេងឱ្យ១រដូវកាលកន្លះនេះ។ ចំពោះការខ្ចីជើងនេះដែរ ក្រុម Atletico Madrid មានឱកាសទិញផ្ដាច់បាននៅចប់រដូវកាល ប្រសិនបើគិតថារូបគេលេងល្អត្រូវចិត្តក្រុម៕ប្រភព៖ Dailymail