• Luka Modric​ និយាយ​ទៅ Neymar ៖ ​យើង​រង់​ចាំ​អ្នក​នៅ Real Madrid ​

    ក្រុម​ជម្រើស​ជាតិ​ក្រូអាត​របស់ Luka Modric ​បាន​ប្រកួត​ចាញ់​ក្រុម​ប្រេស៊ីល​របស់ Neymar ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ។

    ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ Modric ​និង Neymar ​បាន​ប្ដូរ​អាវ​គ្នា​ផង​ដែរ។ ​មិន​ត្រឹម​តែ​ដូរ​អាវ​នេះ​ទេ កីឡាករ​លេង​នៅ Real Madrid ​ក៏​បាន​និយាយ​ទៅ​កាន់​កីឡាករ​លេង​នៅ PSG ​ដែរ​ថា ​រូបគេ​និង​សមាជិក​ក្នុង​ក្រុម​ដទៃ​កំពុង​តែ​រង់ចាំ​វត្តមាន​របស់ Neymar ​នៅ​ទឹក​ដី​អេស្ប៉ាញ​ម្ដង​ទៀត។

    ឆ្លើយ​តប​ទៅ​នឹង​ការ​និយាយ​របស់ Modric ​ដូច្នេះ ខ្សែ​ប្រយុទ្ធ Neymar ​ក៏​សើច​ដាក់​ Modric ​វិញ​ដែរ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម Real Madrid ​ឬ​អត់​នោះ​ទេ។ ខណៈ​ដែល​ការ​បញ្ចុះបញ្ចូល​នេះ ​មិនមែន​តែ​ Modric ​ម្នាក់​ឡើយ សូម្បី​តែ Marcelo ​និង Casemiro ​ក៏​បាន​និយាយ​ទៅ​កាន់ Neymar ​រឿង​ផ្លាស់​ទៅ Real ​ដែរ។

    សូម​បញ្ជាក់​ថា Real Madrid ​កំពុង​តែ​ទាក់ទង​ទិញ​កីឡាករ​ខាង​លើ​នេះ ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​បន្ថែម​ទៀត។ ស្រប​ពេល​ដែល​ដំណឹង​ជា​ច្រើន​បាន​និយាយ​ថា Ronaldo ​ចាកចេញ​ពី Real Madrid ​ដើម្បី​ទុក​កន្លែង​ឱ្យ Neymar ​វិញ​ម្ដង៕ប្រភពៈ DailyMail

     

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT