Hazard ​ចាត់​ទុក Higuain ​ ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​លើ​លោក​នេះ

Eden Hazard ​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម Chelsea ​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Gonzalo Higuain ​ជា​កីឡាករ​កំពូល​ម្នាក់​នៅ​លើ​លោក​នេះ ​ហើយ​វត្តមាន​របស់​គេ​នឹង​ជួយ​ក្រុម​តោ​ខៀវ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ក្រុម Chelsea ​បាន​ខ្ចី​ជើង​កីឡាករ​អាហ្សង់ទីន​ខាង​លើ​នេះ ពី​ក្រុម Juventus ​រហូត​ដល់​ចប់​រដូវ​កាល ​អម​ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​តែ​ម្ដង ប្រសិន​បើ​លេង​ល្អ។ Higuain ​បាន​មក​ដល់​កន្លែង​ហ្វឹកហាត់​និង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចូល​លេង​នៅ​ឡើយ​ទេ ​ដោយ​រំពឹង​ថា​ប្រកួត​បន្ទាប់​នឹង​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ហើយ។

លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ចង់​អតីត​កូន​ក្រុម​របស់​ខ្លួន​កាល​នៅ Napoli ថា រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ល្អ បំផុត​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ នៅ Napoli ​លោក ​បាន​ធ្វើ​ឱ្យ​កីឡាករ​រូបនេះ​ក្លាយ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​បាន​ច្រើន​មែនទែន។ ដូច្នេះ គេ​រំពឹង​ថា​ការ​មក​នៅ Chelsea ​នេះ ​រូបគេ​ក៏​នឹង​ធ្វើ​បាន​ល្អ​ដែរ។

ជាមួយ​គ្នា​នោះ Hazard ​កីឡាករ​សំខាន់​ជាង​គេ​នៅ​ក្នុង​ក្រុម Chelsea ​បាន​ចាត់​ទុក​អតីត​កីឡាករ Real Madrid ​រូប​នេះ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​ម្នាក់។ គេ​បាន​ប្រៀបធៀប Higuain ​ទៅ​នឹង Costa ​ជាមួយ​ទម្រង់​លេង​ដូច​គ្នា ​ហើយ​រំពឹង​ថា​នឹង​ជួយ​ក្រុម​ឱ្យ​មុត​ស្រួច​នៅ​តំបន់​ខាង​លើ​ដែរ៕ប្រភព៖ Dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT