ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នឹងត្រូវតតាំងជាមួយក្រុមជប៉ុន នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup 2019 នៅម៉ោង៨យប់នេះ។
លោក Park Hang-Seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបាននិយាយមុនការប្រកួតនេះថា ក្រុមរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ។ ជាក់ស្ដែង ជប៉ុនគឺជាក្រុមមួយដែលគ្រប់គ្នាបានស្គាល់ច្បាស់ថាខ្លាំងប៉ុណ្ណា។ ពួកគេមានកីឡាករដល់ទៅ១២នាក់ដែលលេងនៅតំបន់អឺរ៉ុប ប៉ុន្តែទន្ទឹមគ្នានោះប្រកួតកន្លងមកក៏មានរបូតគ្រាប់បាល់ដែរ។ ដូច្នេះវាបានបញ្ជាក់ថាពួកគេនៅតែមានចំណុចខ្សោយជានិច្ច។
ដោយឡែកខាងលោក Hajime Moriyasu គ្រូបង្វឹកក្រុមជប៉ុនបានបង្ហាញចំណាប់អារម្មណ៍ដែរថាក្រុមទាំងមូលបានសហការគ្នាលេងយ៉ាងល្អតាំងពីបើកឆាកការប្រកួតមក។ ជាមួយការផ្លាស់ប្ដូរកីឡាករចូលលេងរហូត គឺជាសញ្ញាមួយល្អសម្រាប់ត្រៀមខ្លួនប្រកួតបន្ទាប់។ ក្រុមមានពេលសម្រាកតិចណាស់សម្រាប់ការប៉ះវៀតណាមនេះ ដូច្នេះវាអាចជាកត្ដាបង្កផលប៉ះពាល់ផងដែរ។
វៀតណាមជាក្រុមនៅអាស៊ានតែមួយគត់មានឱកាសឡើងដល់វគ្គ៨ក្រុមចុងក្រោយនេះ។ ដោយឡែកពួកគេឡើងមកពីក្នុងពូល តាមរយៈពេលការជ្រើសរើសយកលេខ៣ល្អបំផុត។ ហើយដល់វគ្គ១៦ក្រុម ពួកគេបានយកឈ្នះក្រុមហ្សកដានីដោយបាល់កាត់សេចក្ដី១១ម៉ែត្រថែមទៀត៕ប្រភព៖ Vietnamnews