គ្រូបង្វឹកវៀតណាម បង្ហាញទស្សនៈយ៉ាងណាពីការប្រកួតទល់នឹងជប៉ុន រាត្រីនេះ

ក្រុមជម្រើសជាតិវៀតណាម នឹងបន្តការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ខ្លួនក្នុងពានរង្វាន់ AFC Asian Cup 2019 រាត្រីថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវជួបក្រុមអតីតជើងឯក ៤សម័យកាល ជប៉ុន ។

គ្រូបង្វឹករបស់ពួកគេ លោក Park Hang-seo បាននិយាយថា៖ « ជប៉ុន ពួកគេគឺតែងតែប្រើប្រាស់យុទ្ធសាស្រ្តខុសៗគ្នា ប៉ុន្តែកាលដែលយើងលេងជាមួយ អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជាក្រុមខ្លាំងផងដែរនោះ វាគឺពិតជានឹងផ្តល់សង្ឃឹមដល់កីឡាករយើងក្នុងការប្រឈមមុខជាមួយជប៉ុន » ។

លោកបន្តទៀតថា៖ « កីឡាករជប៉ុន មានបទពិសោធន៍ និងបច្ចេកទេសក្នុងការលេងឯកត្តជន ដូចនេះយើងត្រូវតែខំប្រឹងឱ្យបានល្អបំផុត និងត្រៀមខ្លួនឱ្យម៉ត់ចត់ ដើម្បីតទល់នឹងពួកគេ » ។

គួររំលឹកថា វៀតណាម គឺជាក្រុមអាស៊ាន តែមួយគត់ ដែលនៅសល់ក្នុងការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ីមួយនេះ ក្រោយពីពួកគេបានឆ្លងផុតវគ្គជម្រុះពូល ក្នុងនាមជាក្រុមលេខ៣ល្អជាងគេ និងបានយកឈ្នះហ្ស៊កដានី ក្នុងវគ្គ ១៦ក្រុមចុងក្រោយកន្លងមក។

លោក Park បានសារភាពថា៖ « ក្រោយឈ្នះពានរង្វាន់ AFF Championship 2018 គោលដៅរបស់យើងក្នុងពានរង្វាន់នេះ គឺត្រឹមតែអាចឆ្លងដល់វគ្គ១៦ក្រុមចុងក្រោយតែប៉ុណ្ណោះ ហើយយើងបានធ្វើវារួចហើយ » ។ ការប្រកួត នឹងប្រព្រឹត្តិទៅនៅម៉ោង ៩យប់ នាទីលាន Al Maktoum ទីក្រុងឌូបៃ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT