Frenkie de Jong បានសម្រេចចិត្តចំពោះអនាគតរបស់ខ្លួនហើយ ដោយរូបគេបានជ្រើសយក FC Barcelona ចោលក្រុម Manchester City និង PSG ទៅហើយ។
កីឡាករវ័យ២១ឆ្នាំនេះ ត្រូវបានក្លឹបទាំង៣ខាងលើប្រជែងគ្នាទិញយកខ្លាំងមែនទែន។ ដោយ Man City គឺជាក្រុមមួយដែលត្រូវបានគេគិតថានឹងអាចយកខ្សែបម្រើនេះបាន ព្រោះទាក់ទងមុនគេ។ ជាក់ស្ដែង សាមីខ្លួនហាក់ដូចជាចូលចិត្តក្រុម Barcelona ជាង ហើយប្រភពមកពីហុល្លង់បានបង្ហើបទៀតថា កីឡាករឆ្នើមម្នាក់នេះបានសម្រេចទៅលេងនៅអេស្ប៉ាញទៅហើយ ក្នុងតម្លៃខ្លួនដល់ទៅ៦៥លានផោនឯណោះ។
De Jong នឹងក្លាយជាកីឡាករទី៣សម្រាប់ក្រុម Barcelona ទិញចូលនៅខែមករានេះ។ បន្ទាប់ពីពួកគេបានខ្ចីជើង Kevin-Prince Boateng ពីក្រុម Sassuolo រយៈពេល៦ខែ និងខ្ចីជើង Murillo ពីក្រុម Valencia ។ លោក Eric Abidal ប្រធានផ្នែកកីឡារបស់ក្លឹប FC Barcelona បានបញ្ជាក់ថា៖ “យើងមានក្រុមមួយដែលល្អណាស់ទៅហើយ ប៉ុន្តែយើងតែងតែចង់ល្អជាងនេះទៅទៀត និងផ្ដល់ឱកាសឱ្យកីឡាករថ្មីៗមករួមក្រុមជានិច្ច”៕ប្រភព៖ Dailymail