កីឡាករ Emiliano Sala បានបាត់ខ្លួនជាមួយយន្ដហោះដែលដឹករូបគេមកទីក្រុង Cardiff កាលពីយប់មិញនេះ ដែលធ្វើឱ្យអ្នកគាំទ្រមានក្ដីបារម្ភយ៉ាងខ្លាំង។
អតីតខ្សែប្រយុទ្ធរបស់ Nantes ខាងលើនេះ បានសម្រេចចិត្តមករួមក្រុម Cardiff City ក្នុងតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប១៨លានផោន។ ហើយរូបគេបានធ្វើដំណើរតាមជើងហោះហើរមកចូលរួមកម្មវិធីបង្ហាញខ្លួនជាលើកដំបូងកាលពីយប់មិញនេះ។ យ៉ាងណាមិញ ការហោះហើររបស់គេបានបាត់ពីរ៉ាដាទៅហើយ រហូតមកដល់បច្ចុប្បន្ននៅមិនទាន់មានដំណឹងអ្វីទាំងអស់។
គេបានសង្កេតឃើញនៅបណ្ដាញសង្គម WhatApp របស់កីឡាករអាហ្សង់ទីនខាងលើបានផ្ញើទៅមិត្តរួមក្រុមរបស់គេថា៖ “ខ្ញុំកំពុងនៅលើយន្ដហោះមួយដែលវាហាក់ដូចជាមានចាកឆ្ងាយទៅហើយ ខ្ញុំនឹងទៅ Cardiff។ ឆ្គួត នៅថ្ងៃស្អែកយើងចាប់ផ្ដើមហើយនៅពេលរសៀលយើងចាប់ផ្ដើមហាត់ ជាមួយក្រុមថ្មី”។ មានសំឡេងសារមួយទៀតដែល Sala បានផ្ញើចេញដែរថា៖ “តើអ្នករាល់គ្នាសុខសប្បាយទេ? ប្រសិនបើអ្នកមិនមានដំណឹងអ្វីខ្ញុំ១ម៉ោងកន្លះទៀតទេ ខ្ញុំមិនដឹងថាពួកគេនឹងឱ្យមនុស្សស្វែងរកខ្ញុំឬអត់ទេ…ខ្ញុំពិតជាខ្លាចខ្លាំងណាស់”។
រំលឹកថា Sala បានធ្វើដំណើរជាមួយជើងហោះហើរនេះម្ដងមកហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ពេលរូបគេចាកចេញពី Cardiff ទៅកាន់បារាំង។ ដោយគ្រានោះ រូបគេមិនពេញចិត្តចំពោះការធ្វើដំណើរនេះទេ ដោយបានបញ្ជាក់ថាយន្តហោះនេះក្ដៅណាស់។ ខណៈដែលការបាត់ពីរ៉ាដានេះ គឺជាការហោះត្រលប់ទៅបារាំងមក Cardiff វិញ៕ប្រភព៖ Dailymail