គ្រូ​ជប៉ុន៖ ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត ​គឺ​ជា​ការ​ប្រកួត​ពិបាក​បំផុត

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ​ដើម្បី​ប្រជែង​គ្នា​យក​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ AFC Asian Cup 2019 ​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ​។

លោក Hajime Moriyasu ​គ្រូ​បង្វឹក​ក្រុម​ជប៉ុន​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “បន្ទាប់​ពី​លេង​៣​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ​ក្រុម​របស់​យើង​បាន​រៀប​ចំ​ល្អ​ឡើង​វិញ​ហើយ ​ដើម្បី​ជួប​ជាមួយ​ដៃ​គូ​ដែល​ពិបាក​បំផុត​មួយ។ អារ៉ាប៊ីសាអ៊ូឌីត ​ជា​ក្រុម​ខ្លាំង​នៅ​អាស៊ី ពួកគេ​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព ​និង​ចិត្ត​ចង់​ឈ្នះ​ការ​ប្រកួត​ខ្លាំង។ ខ្ញុំ​គិត​ថា​ប្រកួត​នេះ ពិត​ជា​តានតឹង​មិន​ខាន។ ខ្ញុំ​បាន​ប្រើ​កីឡាករ​ទាំង​២២​នាក់​នៅ​វគ្គ​សន្សំ​ពិន្ទុ ​ដូច្នេះ​រំពឹង​ថា​នៅ​ល្ងាច​នេះ​នឹង​ជ្រើស​បាន​ជម្រើស​១១​នាក់​ល្អ​បំផុត​មួយ​សម្រាប់​យក​ជ័យជម្នះ”។

នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ​ក្រុម​ជប៉ុន​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង ប៉ុន្តែ​ពួកគេ​នៅ​មាន​ចំណុច​ខ្សោយ​ខ្លះ​នៅ​តំបន់​ការពារ។ ខណៈ​ដែល​ អារ៉ាប៊ីសាអ៊ូឌីត ​វិញ ​ចាញ់​១​ប្រកួត។ ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ​នេះ គឺ​ឈ្នះ​ម្នាក់​ម្ដង​ប៉ុណ្ណោះ ​ដូច្នេះ​ហើយ​នៅ​ល្ងាច​នេះ ​មិន​អាច​សន្និដ្ឋាន​ថា​ក្រុម​ណា​មាន​ប្រៀប​ជាង​ក្រុម​ណា​ឡើយ៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT