ឆ្លងកាត់ការប្រកួត ២គូ កាលពីថ្ងៃអាទិត្យ ទី ២០ ខែ មករា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រុមជម្រើសជាតិ វៀតណាម បានដណ្តើមកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះហ្ស៊កដានី នៅវគ្គកាត់សេចក្តី ១១ម៉ែត្រ ៤-២ ប៉ុន្តែថៃ វិញបានធ្លាក់ក្រោយចាញ់ចិន ១-២ ។
វៀតណាម បានរកគ្រាប់បាល់តាមស្មើ ដោយកីឡាករ Nguyễn Công Phượng នៅនាទី ៥១ ខណៈការប្រកួតចប់ ៩០នាទី ដោយលទ្ធផល ១-១ រហូតបន្តដល់ចប់វគ្គថែមម៉ោង ៣០នាទី ។ វៀតណាម នឹងត្រូវបន្តជួបក្រុមឈ្នះ រវាងការប្រកួត ជប៉ុន ទល់នឹង អារ៉ាប៊ីសាអូឌីត ដែលត្រូវប្រកួតថ្ងៃនេះ ។
ដូចនេះ វៀតណាម គឺជាក្រុមអាស៊ានចុងក្រោយគេ ដែលនៅសល់ក្នុងវគ្គជម្រុះ AFC Asian Cup 2019 នៅអារ៉ាប់រួម ក្រោយពីថៃ បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ និងហ្វីលីពីន ធ្លាក់នៅវគ្គជម្រុះពូល ៕