វិសាខា បញ្ចប់កំណត់ត្រារបស់ណាហ្គាវើល ផ្តល់ឱកាសឲ្យបឹងកេតឡើងកាន់កាប់កំពូលតារាងជាថ្មី

ក្នុងការប្រកួត សប្តាហ៍ទី ៨ ដែលមាន ៣គូ ធ្វើការតទល់គ្នា នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ វិសាខា បានសាងរឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំង ដោយបានបំបាក់ក្រុមកំពូលតារាង ណាហ្គាវើល ៣ ទល់នឹង ០ ខណៈដែលបឹងកេត ឡើងមកឈរកំពូលតារាងសារជាថ្មី ក្រោយឈ្នះ អង្គរថាយហ្គឺរ ៤-០ ។

២គ្រាប់របស់ ខ្សែការពារស្លាប រស់ សំអឿន គឺជាគ្រាប់ដំបូងរបស់គេនៅក្លិបថ្មីថ្មោងមួយនេះ ស្របពេលដែលសិស្សប្អូនរួមក្រុម សាន គីមហេង រកបាន ១គ្រាប់បន្ថែមទៀត នាំឲ្យរូបគេកាន់តែល្អឡើងៗ ពោលគឺស៊ុតចូល ៣ប្រកួតចុងក្រោយនេះ បាន ៤គ្រាប់ ។

ក្រឡែកទៅក្រុមការពារតំណែងជើងឯកវិញ ៤គ្រាប់របស់បឹងកេត គឺសុទ្ធតែកីឡាករបរទេស ស្ថិតក្នុងជួរប្រយុទ្ធ ដែលឃើញថា Maycon រកបាន ២គ្រាប់ រីឯ Omogba និង Gbenga ម្នាក់ ១គ្រាប់ ។

ក្នុងថ្ងៃជាមួយគ្នានោះផងដែរ កីឡាករលេចធ្លោរបស់ក្លិប អាស៊ីអឺរ៉ុប Privat នៅតែរកបានគ្រាប់បាល់ជាបន្ត ក្នុងជំនួប ១-១ ទល់នឹង អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរកគ្រាប់បាល់ដោយ នួន បូរី ។

សម្រាប់ការប្រកួតថ្ងៃអាទិត្យនេះវិញ ក៏មាន៣គូផ្សេងទៀតផងដែរ ពោលគឺ ព្រះខ័នរាជស្វាយរៀង ទទួលស្វាគមន៍ ក្រសួងការពារជាតិ ម៉ោង ៦ល្ងាច និង វេស្ទើនភ្នំពេញ ប៉ះ ភ្នំពេញក្រោន ចំណែកឯអគ្គិសនីកម្ពុជា តទល់នឹង សូលទីឡូអង្គរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT