Jose ​ថា​តាំង​ពី​ឈប់​ពី Man Utd មក ​លោក​បដិសេធ​ការងារ​៣​កន្លែង​ហើយ​

លោក Jose Mourinho ​បាន​បង្ហើប​ថា​បាន​បដិសេធ​ការងារ​៣​កន្លែង​មក​ហើយ ​តាំង​ពី​ចែក​ផ្លូវ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​មក។បុរស​វ័យ​៥៥​ឆ្នាំ​ខាង​លើ​នេះ​ត្រូវ​បាន​ក្លឹប Man Utd ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ ​នា​រដូវ​កាល​នេះ។ យ៉ាងណាមិញ ​ក្រោយ​ពី​ការ​ចាកចេញ​ទៅ​នោះ​ដែរ ​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា​ទៅ​ធ្វើ​នៅ​ខាង​ណា​ទៀត​ទេ ប៉ុន្តែ​ក៏​បាន​បង្ហើប​ថា​មាន​គេ​ទាក់ទង​ទៅ​ធ្វើ​ការងារ​៣​កន្លែង​មក​ហើយ។

លោក Jose ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ចូល​ធ្វើ​ការងារ​ដឹក​នាំ​ក្រុម​វិញ ​ប៉ុន្តែ​ត្រូវ​ដឹក​នាំ​ក្រុម​ដែល​លោក​គិត​ថា​នឹង​ធ្វើ​ឱ្យ​ខ្លួន​សប្បាយ​ចិត្ត។បុរស​ដែល​ត្រូវ​បាន​អ្នក​គ្រប់​គ្នា​ស្គាល់​ថា ​ជា​អ្នក​ចាត់ការ​ពូកែ​ចិត្ត​សាស្ត្រ​ខាង​លើ​នេះ​បាន​និយាយ​ថា​៖

“ជា​ធម្មតា​ទៅ​ហើយ ​ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​សម្រាក​ច្រើន​ក្រោយ​ចប់​ការងារ​នីមួយ​ៗ។ ខ្ញុំ​ចង់​មើល​និង​វិភាគ​ចំពោះ​ការងារ​ថ្មី ​ថា​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ឬ​អត់ ទើប​ខ្ញុំ​ឈាន​ជើង​ចូល​ធ្វើ​ការ​វិញ។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង ​ដូច្នេះ​ហើយ​ការងារ​របស់​ខ្ញុំ​ក៏​ត្រូវ​តែ​ធ្វើ​អីចឹង​ដែរ។ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពី​អនាគត​ទេ ​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា”៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT