លោក Sarri អ្នកចាត់ការក្រុម Chelsea បានបញ្ជាក់ថាកូនក្រុមរបស់លោកត្រូវស្វែងរកគ្រាប់បាល់ជ័យជម្នះលើក្រុម Arsenal មុន ដើម្បីរក្សាការគ្រប់គ្រងលើទីលានឱ្យបាន។
ការប្រកួតធំសប្ដាហ៍នេះនៅអង់គ្លេសគឺក្រុម Arsenal ត្រូវតតាំងជាមួយក្រុម Chelsea ដើម្បីប្រជែងគ្នាយក៣ពិន្ទុបន្ថែម។ ក្រុមភ្ញៀវ Chelsea ហាក់មានប្រៀបជាងច្រើន ត្បិតអីពួកគេដាច់ពិន្ទុក្រុម Arsenal ដល់ទៅ៦ពិន្ទុទៅហើយ។ យ៉ាងណាមិញ ការលេងនៅដីរបស់ Arsenal នេះដែរ លោក Sarri អ្នកចាត់ការក្រុមតោខៀវ បានបង្ហើបវិធីសាស្ត្រល្អបំផុតសម្រាប់ការប្រកួតនេះ គឺត្រូវនាំមុខពួកគេមុនឱ្យបាន។
អតីតអ្នកចាត់ការក្រុម Napoli ខាងលើបាននិយាយទៀតថា៖ “ខ្ញុំដឹងថាយើងត្រូវពង្រឹងបន្ថែមច្រើនទៀតសម្រាប់ក្រុមទាំងមូល។ យើងមានបញ្ហាច្រើនកន្លងមក តាំងពីធ្វើបានល្អនៅដើមរដូវកាល រហូតមានបញ្ហាវិញនៅប៉ុន្មានមុននេះ។ ដូចការប្រកួតនេះអីចឹង យើងនាំមុខគេមុន ប៉ុន្តែបែរជាមិនអាចគ្រប់គ្រងស្ថានភាពបាន ហើយឱ្យគេស្វែងរកគ្រាប់បាល់បានវិញ។ ដូច្នេះហើយការប្រកួតនៅយប់នេះ គឺយើងត្រូវរកគ្រាប់ហើយ និងរក្សាទម្រង់លេងឱ្យបានល្អឡើងវិញ មិនឱ្យគេរកគ្រាប់បាល់បានស្រួលៗទេ”៕ប្រភពDailyMail